ក្រោយបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីអង់ការ៉ា ទួរគីបង្កើនការវាយប្រហារសងសឹក ទាំងក្នុងប្រទេសខ្លួន ទាំងនៅអ៊ីរ៉ាក់
ទួរគី៖ ការបើកការវាយប្រហារតាមអាកាស ទួរគីបានដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងបានឃុំខ្លួនជនសង្ស័យជាច្រើននាក់ទាំងយប់ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្មានម៉ោង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឃើដ បាននិយាយថា ពួកគេបានវាយប្រហារដោយគ្រាប់បែកលើកដំបូងនៅក្នុងរដ្ឋធានីអង់ការ៉ា(Ankara) ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ខ្មាន់គ្រាប់បែក២នាក់បានបំផ្ទុះគ្រាប់បែក ជិតអគាររដ្ឋាភិបាល កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងរដ្ឋធានីអង់ការ៉ា ដោយខ្មាន់បំផ្ទុះគ្រាប់បែកទាំង២នាក់បានស្លាប់ និងនគរបាល២នាក់រងរបួស ។ ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដក្រៅច្បាប់បានអះអាងទទួលខុសត្រូវ។
ទួរគី បានបង្កើនសកម្មភាពយោធាប្រឆាំងនឹងគណបក្សពលករឃឺដ PKK នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើងកាលពីប៉ុន្មានឆ្នាំមុន ក្នុងប្រតិបត្តិការជាច្រើន ដែលខ្លួននិយាយថាពួកគេត្រូវបានធ្វើឡើងក្រោមសិទ្ធិការពារខ្លួនស្របតាមមាត្រាទី៥១នៃច្បាប់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
រីឯលោក អាប់ឌុល ឡាទីហ្វ រ៉ាស៊ីដ (Abdul-Latif Rashid) ប្រធានាធិបតីអ៊ីរ៉ាក់ បាននិយាយក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ាក់ បានទាត់ចោលម្ដងហើយម្ដងទៀតថា ការវាយប្រហារតាមអាកាសរបស់ទួរគី ឬ វត្តមានរបស់មូលរដ្ឋានទួរគី នៅក្នុងតំបន់ឃឺដ ហើយសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយជាមួយទីក្រុងអង់ការ៉ាដើម្បីដោះស្រាយបញ្ហានេះ។
គណបក្សពលករឃឺដ PKK ត្រូវបានចាត់ទុកជាអង្គការភេរវកម្មដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ ទួរគី បានបើកការវាយប្រហារលើក្រុមបះបោរក្នុងភាគអាគ្នេយ៍ប្រទេសទួរគីកាលពីឆ្នាំ១៩៨៤ និងបានបណ្ដាលឲ្យមនុស្សជាង៤ម៉ឺននាក់ស្លាប់ ក្នុងជម្លោះនេះ៕