សម្តេចធិបតី ​ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​នេះ​ ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​ ២ ​ម៉ឺន​នាក់ ​ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញៈ  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី៣ ខែតុលា ឆ្នាំ​ ២០២៣ បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត តាម​រោង​ចក្រ សហគ្រាស ចំនួន​ជិត​ ២ ​ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​ ២២ ដែលមាន​មូលដ្ឋាន​នៅក្នុង​ខណ្ឌ​មាន​ជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ យោងតាម​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម របស់លោក​ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​ ២ ខែតុលា បានឱ្យដឹងថា រោងចក្រ សហគ្រាស​ទាំង​ ២២​ នេះ ជា​ប្រភេទ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ចំនួន ១៨, រោងចក្រ​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចំនួន ២, រោងចក្រ​ដេរ​ស្បែកជើង ចំនួន​ ១ និង​រោងចក្រ​ផលិត​ឆត្រ ចំនួន ១​។

​​តាមប្រភព​ដដែល​ប្រាប់ថា​៖ «​នេះ​គឺជា​លើក​ទី​ ៥ ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយនឹង​បងប្អូន​កម្មករនិយោជិត តាម​បណ្តា​រោងចក្រ សហគ្រាស​នានា ក្នុងឋានៈ​ជានា​យក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២ ខែតុលា ថា ការចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ដែល​សកម្មភាព​នេះ​គឺជា​រឿង​ល្អ​បំផុត និង​បង្ហាញ​ពី​ការយក​ចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ ក៏ដូចជា​កម្មករ​កម្ម​ការិនី​ផង​ដែរ​។ ទោះបីជា​យ៉ាងណា បើសិនជា​គ្រាន់តែ​ចុះ​ជួប ហើយ​មិនបាន​ផ្តល់នូវ​ការដោះស្រាយ​នូវ​កង្វល់​របស់​ពួកគាត់ នោះ​កម្មករនិយោជិត នៅតែ​ជួប​ការលំបាក​ដដែល​។​

​លោក​បន្តថា​៖ «​ក្រៅពី​ការ​ដំឡើង​ប្រាក់​ឈ្នួល នៅមាន​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​បងប្អូន​កម្មករ​យើង​ជួបប្រទះ ដូចជា​បញ្ហា​នៃ​ការធ្វើ​ដំណើរ​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ គឺ​ពួកគាត់​នៅតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់ និង​ការ​ពិនិត្យមើល​លើ​រោងចក្រ​ដែល​ព្យួរការងារ ដែល​ផ្តល់ប្រាក់​ឧបត្ថម្ភ​មួយ​ដែល​មិនអាច​ឆ្លើយតប​ទៅនឹង​ជីវភាព​របស់​ពួកគាត់​។ មួយវិញទៀត នៅពេលដែល​រោងចក្រ​បិទទ្វារ មិនមាន​គោល​ការណ៍​ណាមួយ​ផ្តល់​សំណង​ជូន​ពួកគាត់​ជាដើម​»​។

​លោក ​ប៉ាវ ស៊ីណា បន្ត​ដោយ​ក្ដី​រំពឹងថា បញ្ហា​ប្រឈម​ដែល​កើតឡើង​ចំពោះ​កម្មករ​កម្មការិនី​ទាំងអស់នេះ នឹង​ត្រូវបាន​ដោះស្រាយ​នៅពេលដែល​នាយករដ្ឋមន្ត្រី​បាន​ចុះ​ជួប​ជា​មួយ​ពួកគាត់ ព្រោះថា​ចាប់តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​ ១៩ រហូតមកទល់​ពេលនេះ កម្មករ​កម្មការិនី​បាននិងកំពុង​ប្រឈមមុខ​ទៅនឹង​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​។

អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល ​ឯកឧត្តម ប៉ែន បូ​ណា ថ្លែងថា ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ចាប់តាំងពី​អតីត​នាយករដ្ឋមន្ត្រី​សម្តេចតេជោ ហ៊ុន សែន រហូតមកទល់​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​សម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត តែងតែ​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ មិន​ត្រឹមតែ​កម្មករ​កម្មការិនី​ទេ គឺ​ជួប​ទាំង​អ្នកកាសែត កីឡាករ អាជីវករ និង​មន្ត្រីរាជការ​ជាដើម ដែល​នេះ គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុងការ​ចង់ដឹង និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ផ្ទាល់​។

​ឯកឧត្តម​បញ្ជាក់ថា នៅពេលដែល​ជួប​សំណេះសំណាល​ម្តងៗ ទាំង​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត តែងតែ​ដោះស្រាយ​បញ្ហា​នានា​ដូចជា ការជួយ​សម្រួល​កម្មក​រកម្ម​ការិនី​មាន​ផ្ទៃពោះ និង​មាន​ពិការភាព​អាច​ចេញ​មុន​ម៉ោង និង​អាច​ទទួលបាន​នូវ​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត ចាប់តាំងពី​មាន​ផ្ទៃពោះ​រហូតដល់​កូន​មាន​អាយុ ២​ ឆ្នាំ​ ការដំឡើងប្រាក់បៀវត្សរ៍​ជា​រៀង​រាល់​ឆ្នាំ​និង​កិច្ចការ​មួយចំនួនទៀត​។​

ឯកឧត្តម ប៉ែន បូ​ណា ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ក្នុងស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ននេះ​មិន​ស្រួល​ទេ គឺ​លំបាក ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​រាជ​រដ្ឋាភិបាល​នៅតែ​ខិតខំ​ប្តូរផ្តាច់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ជូន​កម្មករ​កម្មការិនី​។ នេះ​គឺជា​កិច្ចខិតខំ​ប្រឹង​ប្រែង​មួយ​ដ៏​ធំ​របស់​រាជរដ្ឋាភិបាល និង​បញ្ហា​ជាច្រើន​ក៏ត្រូវ​បាន​ដោះ​​ស្រាយ​ហើយ​ដែរ​»​។

​​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា នេះ​ជា​សកម្មភាព​ដែល​បង្ហាញ​ពី​ភាព​សិ្ន​ទ្ធ​ស្នាល រវាង​មេដឹកនាំ​ប្រទេស ជាមួយ​ប្រជាពលរដ្ឋ និង​ដើម្បីឱ្យ​ច្បាស់​ពី​បញ្ហា​ប្រឈម​របស់​ពួកគេ ដើម្បី​មានលទ្ធភាព​ដើម្បី​ដោះស្រាយ​បន្ថែម ហើយក៏​ជា​ឱកាស​ក្នុងការ​លើកទឹកចិត្ត​ដល់​វិស័យ​ផលិតកម្ម ជំរុញ​ការផលិត​ឱ្យមាន​សកម្មភាព​ល្អប្រសើ​រ និង​រឹងមាំ​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ផងដែរ​៕