វត្ដសារ៉ាវ័ន្តតេជោ៖ សម្តេច ម៉ែន សំអន អញ្ជើញកាន់បិណ្ឌវេនទី៣

ភ្នំពេញ៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៣ នៅវត្តសារ៉ាវ័ន្តតេជោ ស្ថិតក្នុង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងពិធីនោះផងដែរក៏មានរៀបចំបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការប័ង្សុកុលព្រម ទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្ដាន ។

ពិធីកាន់បិណ្ឌនេះ ជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ត្រូវធ្វើឡើង ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មត់ទុកថាជា ថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បី ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបអាណានិគមចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ជាងនេះទៅទៀត គឺប្រជាជនស្លូត ត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃនិងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យដល់អង្គព្រះមហាក្សត្រ និងព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ព្រមទាំង ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗ គ្នាជារៀងរហូត៕