សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង

ភ្នំពេញ÷ អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង ខណៈការដំឡើងប្រាក់ខែជូន ដល់បងប្អូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤នេះទោះតិចឬច្រើនក្តី ប៉ុន្តែវារក្សាការងារបានធ្វើបន្តទៀត។

តាមរយៈតេលេក្រាម និងហ្វេសបុក នាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របាន លើក លើងថា«នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្តន៍ជូនកម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងនេះទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្សរ៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង»។

សូមបញ្ជាក់ថា ឆ្លងតាមការប្រជុំពិភាក្សាជាច្រើនលើកច្រើនសារ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជក កាលចុងខែកញ្ញា កន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ដល់ចំនួន ២០៤ដុល្លារ ដោយក្នុងនោះរាជរដ្ឋាភិបាលបានបន្ថែម ២ដុល្លារ សម្រាប់ឆ្នាំ២០២៤៕