នារដូវបុណ្យភ្ជុំបិណ្ឌ តាមទំនៀមខ្មែរយើងមាននំមួយចំនួន កូនខ្មែរជុំគ្នាធ្វើ តោះ ! មកដឹងពីប្រវត្តិនំខ្មែរទាំង ៥ ប្រភេទ

ប្រជាជនកម្ពុជាទូទាំងប្រទេសបានជ្រោតជ្រាបមកហើយថា ពិធីបុណ្យភ្ជុំបិណ្ឌ ក្រៅជាពិធីបែបសាសនា ទំនុកបម្រុងស្បៀងចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាហើយនោះ ពិធិបុណ្យនេះ ក៏បង្ហាញពីគោលបំណងនៃការសាមគ្គីភាពជាតិមហាគ្រួសារខ្មែរផងដែរ។

ប្រជាពលរដ្ឋខ្មែរនៅតាមភូមិស្រុក រមែងមកជួបជុំគ្នា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីវេចនំជុំគ្នា។ ហើយក្នុងថ្ងៃនេះយើងខ្ញុំ សូមលើកយកនូវនំខ្មែរទាំង ៥ ប្រភេទដែលកូនខ្មែរគ្រប់រូបនិយមធ្វើជុំគ្នានារដូវបុណ្យភ្ជុំបិណ្ឌ៖

១-នំអន្សម
នំអន្សម គឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនិងមានប្រវត្តិ កើតមានក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ ព្រះឥសូរ ឬ ព្រះសិវៈ ដែលតំណាងឱ្យ សសរភ្លើងឥស្វរៈ នៃដើមកំណើតព្រះឥសូរ ដែលនាំយក សិវៈលិង្គមកគោរពបូជា ក្នុងលទ្ធិទេវរាជរបស់ព្រះអង្គ ប៉ុន្តែក្រោយមកការគោរពនូវ សិវៈលិង្គ នៃផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានបោះបង់ចោល និង សាបរលាបទាំងស្រុង ដោយការយល់ឃើញថា ការមានជំនឿទៅលើរឿងប្រដាប់ភេទចំអេសចំអាស វាជារឿងមិនសមហេតុផល និង ជារឿងខ្វះសីលធម៌ផងដែរ ដូចនេះហើយ នំអន្សម នៅក្នុងប្រពៃណីរបស់កម្ពុជាត្រូវបានចាត់ទុកជានំតំណាង ឱ្យការដឹងគុណឪពុក ដែលលោកខំបីបាច់រក្សាកូនៗឲ្យរស់ ធំដឹងក្ដីក្នុងលោកយើងនេះ ។

ការវេចនំអន្សម គេត្រូវមានគ្រឿងផ្សំសំខាន់ៗដូចជា៖ អង្ករដំណើប សណ្ដែកបាយ ស្នូលសាច់ ដែលអាចដាក់តាមចំណង់ចំណូលចិត្ត សាច់ជ្រូក សាច់មាន់ ពងទាប្រៃ សាច់ក្រក ឬសាច់គ្រឿងសមុទ្រផ្សេងៗ រឿងសំខាន់គឺស្លឹកចេក និង ខ្សែរចង ត្រូវរៀបស្លឹកចេកជាបន្ទះ រួចសឹមដាក់ អង្ករដំណើបនៅជាន់ទី១ បន្ទាប់មកសណ្ដែកបាយនៅជាន់ទី២ រួចហើយស្នូលនៅជាន់ទី៣ ឬ នៅចំកណ្ដាល បន្ទាប់មកអាចបន្ថែមអង្ករដំណើប និង សណ្ដែកបាយពីលើបាន រួចសឹមយើង មូលនៅស្លឹកចេកនោះក្ដោបយកគ្រឿងទាំងអស់នោះ ហើយធ្វើការចង សឹមយកវាទៅចំហុយ ឬ ស្ងោរ ជាការស្រេច គេមិនប្រើស្លឹកអ្វីផ្សេងយកមករុំក្រៅពីស្លឹកចេកនោះទេ ពីព្រោះស្លឹកចេកធ្វើឲ្យអន្សមច្អិនបានល្អ និង មានក្លិនឈ្ងុយផងដែរ ។

២- នំគម និងនំបត់
មិនខុសគ្នាពីនំអន្សមប៉ុន្មានទេ នំគម និងនំបត់ ក៏មានកំណើតក្នុងសម័យកាលខ្មែរបុរាណដែលគោរពព្រហ្មញសាសនា គឺជាការគោរពអង្គកាយនាងឧមា ដែលតំណាងឲ្យនំគម និងការគោរពផែនដីដែលតំណាងឲ្យនំបត់ ។ នំប្រភេទនេះធ្វើឡើងពីម្សៅអង្ករដំណើប ខ្ចប់ដោយស្នូលសណ្ដែក ស្នូលដូង នៅខាងក្នុង ខ្ចប់រាងសំប៉ែតៗ និងរាងគមពីរ៉ាមីត ហើយចម្អិនដោយការចំហុយ ។ នំប្រភេននេះដែរ ភាគច្រើនខ្មែរយើងប្រើក្នុងពិធីសាសនា។

៣- នំបាកបិន
នំបាកបិន ត្រូវបានចាស់ៗតំណាលតៗគ្នាថា នំប្រភេទនេះគឺមានភាពលំបាកលំបិនក្នុងការធ្វើ ទើបបានជាចាស់ៗគ្នាហៅតៗថា នំលំបាកលំបិន រហូតក្លាយមកជា នំបាកបិន ។ ការធ្វើនំនេះ ត្រូវលាយម្សៅដំណើប ម្សៅមី(ដំឡូងឈើ) សាច់ដូងកោស និងស្ករសចូលគ្នា រួចគោះស៊ុតដាក់ចូល ដាក់ខ្ទិះដូងចូល លាយច្របល់ចូលគ្នាឲ្យសព្វល្អ ។ បន្ទាប់មកយកប្រេងឆាលាបពុម្ពដែលសម្រាប់ដុតនំ រួចដួសម្សៅដែលលាយហើយដាក់ចូល យកទៅដុតប្រើកំដៅរយៈពេល ១០-២០នាទី ជាការស្រេច។

៤- នំទ្រាប
នំនេះ គេប្រើអង្ករដំណើបស ឬអង្ករដំណើបខ្មៅក៏ធ្វើបានដូចគ្នា ។ គេត្រូវយកអង្ករដំណើបទៅដាំឱ្យក្លាយជាបាយស្រួយសិន ទើបគេដួសចេញ និងយកទៅកូរជាមួយនិងស្ករត្នោត ឬស្ករសនៅឆ្នាំងមួយផ្សេងទៀត។ គេកូរបាយនោះ រហូតស្រោះទឹក គេនឹងចាក់ចូលទៅក្នុងថាស ដើម្បីអាចកាត់ជាចំណិតបាន ។ នំប្រភេទនេះ គេនិយមធ្វើនៅពេលមានកម្មវិធីដូចជា ឡើងផ្ទះ កឋិនទាន សូត្រមន្ត និងបុណ្យភ្ជុំបិណ្ឌជាដើម។

៥- នំស្លឹកស្រស់
នំស្លឹកស្រស់ គឺជានំមួយប្រភេទដែលខ្មែរយើងគេនិយមប្រើក្នុងកម្មវិធីតូចធំ និងពិធីបុណ្យសាសនាជាដើម។ នំមួយប្រភេទនេះ ស្លឹកដែលវេច ឬខ្ចប់ គឺនៅស្រស់ជានិច្ច ហើយមានគ្រឿងផ្សំដូចជា ម្សៅសណ្ដែក ស្ករស ខ្ទិះដូង និងសណ្ដែកបាយ៕