កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ប្រកាសឲ្យដំណើរការជាផ្លូវការ
ភ្នំពេញ៖ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនូវកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ក្នុងពិធីនេះ ក្រសួង ក៏បានចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការអភិវឌ្ឍជំនាញឌីជីថលនេះ ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។
ការដាក់ដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ បង្កើតឡើងស្របតាមចលនាការណ៍នៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ និងសកល ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ព្រមទាំងស្វ័យប្រវត្តិកម្ម ដែលបង្ហាញតួនាទីកាន់តែសំខាន់នៃបច្ចេកវិទ្យាឌីជីថលក្នុងសកម្មភាពសេដ្ឋកិច្ច ធុរកិច្ច និងអភិបាលកិច្ច។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ជានិន្នាការទៅមុខ កម្ពុជាផ្តោតជាចម្បងលើការជំរុញឌីជីថលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដោយផ្តល់អាទិភាពលើការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងប្រជាជនឌីជីថល ដើម្បីបង្កើតផលិតភាពនិងកសាងភាពធន់នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ឯកឧត្តម បន្ថែមថា ដើម្បីចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញ ឌីជីថល” ដើម្បីគាំទ្រដល់ដំណើរការ អភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសិក្សា ដោយមិនគិតការប្រាក់ ការប្រឹក្សាយោបល់ដល់និស្សិត ការសម្របសម្រួល ការស្នាក់នៅរបស់និស្សិត ការសហការជាមួយគ្រឹះស្ថានសិក្សា និងស្ថាប័នពាក់ព័ន្ធ ក្នុងការការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បម្រើដល់ការអប់រំ។
កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ ក៏នឹងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក៏ដូចជាចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ លើកកម្ពស់ស្តង់ដាការអប់រំលើជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល។
សូមបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បាននឹងកំពុងក្លាយជាផ្នែកដ៏សំខាន់នៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្នុងរយៈពេល ២សតវត្សរ៍ចុងក្រោយនេះ ព្រមទាំង បានផ្ដល់នូវកាលានុវត្តភាពថ្មីជាច្រើន។ ជាក់ស្ដែង ក្នុងបរិការណ៍នៃការរីករាលដល់នៃជំងឺកង-១៩ បច្ចេកវិទ្យា ឌីជីថល ត្រូវបានមើលឃើញថា មានសន្ទុះខ្លាំងទ្វេដង ក្នុងការជំរុញ និងសម្រួលដល់សម្មភាពសេដ្ឋកិច្ច និងធុរកិច្ច និងដល់ប្រជាពលរដ្ឋទូទៅ៕