រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឲ្យពិនិត្យបង្កើត«ក្លឹបព័ត៌មាន»មេគង្គ-ឡានឆាង ជាប្រយោជន៍ទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ព្រះសីហនុ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើសុំឲ្យប្រទេសជាសមាជិកនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង ពិនិត្យពីលទ្ធភាពបង្កើតជា «ក្លឹបអ្នកសារព័ត៌មាន» ដើម្បីជំរុញការផ្សាយឲ្យកាន់តែទូលំទូលាយ ជាពិសេសទប់ស្កាត់ ការចេញផ្សាយព័ត៌មានក្លែងក្លាយ ដែលនាំឲ្យខូចដល់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ការថ្លែងយ៉ាងដូច្នេះរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ក្នុងកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រោមប្រធានបទ«ទន្លេរួម និង អនាគតរួម» កាលពីពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីប្រទេសចំនួន៦ដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះថា វាបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរបទពិសោធ ទស្សនយោបល់ និង ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព។ សម្រាប់រូបលោកគាំទ្រចំពោះសកម្មភាពនេះ ហើយស្នើសុំដល់ភាគីចិនបន្តជួយគាំទ្រគម្រោង ដើម្បីជាប្រយោជន៍រួម។

ឯកឧត្តម បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងតែរីកចម្រើន នៃប្រព័ន្ធបច្ចេកវិទ្យាបានជះផលវិជ្ជមាន និងអវិជ្ជមានដល់មនុស្សជាតិទូទៅ ។ លោកថាបណ្តាញសង្គមដ៏សម្បូរបែប បាននាំឲ្យពិភពលោកទាំងកើតក្តីព្រួយបារម្ភពីសារព័ត៌មានក្លែងក្លាយ ។ ព័ត៌មានក្លែងក្លាយ បានកើតឡើងក្នុងចេតនាមនុស្សអាក្រក់បំផ្លាញដល់សង្គមជាតិ និងនាំឲ្យមនុស្សសម្រេចចិត្តខុសលើបញ្ហាអ្វីមួយ។

គ្រានោះដែរ ឯកឧត្តម បានក្រើនរំឭកអ្នកសារព័ត៌មាន ឲ្យខិតខំពង្រឹងសមត្ថភាព ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ពោលអ្នកសារព័ត៌មានត្រូវតែមានសមត្ថភាព ហ៊ានរាយការណ៍ព័ត៌មានពិត និងផលិតព័ត៌មានឲ្យសម្បូរបែបប្រកបមានគុណភាព ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកចាត់ទុកថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាសកល ដែលត្រូវដោះស្រាយរួមគ្នា។

សូមបញ្ជាក់ជូនថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌភូមិសាស្ត្រយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមានបណ្តាប្រទេសតាមដងទន្លេមេង្គចំនួន៦រួមមាន ចិន វៀតណាម ថៃ កម្ពុជា មីយ៉ាន់ម៉ា ឡាវ ហើយមានប្រជាជនរស់នៅតាមដងទន្លេមេង្គសរុបប្រមាណជិត២លាននាក់៕