អបអរបុណ្យជាតិ ចិន! មនុស្សរាប់លាននាក់សម្រុកទៅកាន់តំបន់ទេសចរណ៍នានា

ចិន៖ អំឡុងពេលប្រទេសនេះ ប្រារពទិវាបុណ្យជាតិរបស់ខ្លួន តំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសចិន ត្រូវបានពេញណែនដោយភ្ញៀវទេសចរកាលពីថ្ងៃអាទិត្យទី១ខែតុលា កន្លងទៅនេះ។ អ្នកដើរលេងកម្សាន្តរដូវឈប់សម្រាករាប់លាននាក់ បានធ្វើដំណើរ នៅក្នុងប្រទេសរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍ជាច្រើន ដូចជា មហាកំផែងក្នុងទីក្រុងប៉េកាំង ព្រមទាំងបឹងខាងលិច (West Lake) ក្នុងតំបន់សេដ្ឋកិច្ចក្រុង ហាង ចូវ (Hangzhou) អំឡុងថ្ងៃឈប់សម្រាករយៈពេល៨ថ្ងៃរបស់ប្រទេសចិន ដែលគេស្គាល់ថាជាសប្ដាហ៍មាស ឬ Golden Week បានចាប់ផ្ដើមកាលពីថ្ងៃសុក្រ ទី២៩ ខែកញ្ញាមក ។

ទីក្រុងប៉េកាំង គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុត បន្ទាប់ពីទីក្រុងសៀងហៃ (Shanghai) និងហាងចូវ។ឧស្យានរបស់រដ្ឋធានីប៉េកាំង រួមទាំង វិមានរដូវក្ដៅ ឬ Summer Palace និងឧស្យានអូឡាំពិក(Olympic Park) បានកត់ត្រា អ្នកចូលទៅទស្សនាចំនួន១,៨៨ លាននាក់ នេះបើតាមសារព័ត៌មានរដ្ឋ បានរាយការណ៍។

ក្រសួងសាធារណការ និងដឹកជញ្ជួន ព្យាករណ៍ថា ចំនួនអ្នកធ្វើដំណើរកម្សាន្ត២,០៥ពាន់លាននាក់ជាចំនួនបំបែកកំណត់ត្រា នឹងកើតឡើងនៅថ្ងៃឈប់សម្រាកសប្ដាហ៍មាស រួមទាំងការធ្វើដំណើរតាមរថភ្លើង ផ្លូវហាយវ៉េ ផ្លូវទឹក និងផ្លូវអាកាស។

រីឯនៅក្នុងដែនដីមួយទៀតរបស់ចិន គឺទីក្រុង ហុងកុង កាំជ្រួច ផ្កាភ្ញីបានបំភ្លឺផ្ទៃមេលើកំពង់ផែវីកតូរីយ៉ា (Victoria Harbour) របស់ទីក្រុងនេះ កាលពីយប់ថ្ងៃអាទិត្យ ដែលបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ទៅទស្សនាខណៈទីក្រុងនេះ បានប្រារព្ធទិវាបុណ្យជាតិ លើកទី៧៤របស់ប្រទេសចិន ៕