ពលរដ្ឋចុះឈ្មោះថ្មីជាង១ម៉ឺននាក់ សម្រាប់ថ្ងៃទី១នៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣
ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះជាថ្ងៃទីមួយ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.០៤១ នាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៧៩៧ នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។
នាព្រឹកថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០២៣នេះ សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្ដីពីលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានឱ្យដឹងថា ពលរដ្ឋ ដែលបានស្នើសុំកែតម្រូវទិន្នន័យក្នុង ពីបញ្ជីបោះឆ្នោតមានចំនួន ៦៧១ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.០០៦ នាក់។
បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
គ.ជ.ប បានអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ App-NECKH ។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។
ចំណែកប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ៕