ប្រមុខរដ្ឋអ៊ុយក្រែនថា មិនមានអ្វីអាចធ្វើឲ្យការប្ដេជ្ញាចិត្តប្រឆាំង និងរុស្ស៊ីចុះខ្សោយឡើយ

អ៊ុយក្រែន៖ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១ ខែតុលានេះថា មិនមានអ្វីអាចនឹងធ្វើឱ្យការប្ដេជ្ញាចិត្តប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ចុះខ្សោយនោះទេ រយៈពេលមួយថ្ងៃបន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអនុម័តលើការបញ្ឈប់រយៈពេលខ្លីលើច្បាប់ផ្តល់មូលនិធិ ដែលលុបចោលជំនួយដល់អ៊ុយក្រែន។

ដោយឡែក លោក Rustem Umerov រដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែន បាននិយាយថា លោកបានទទួលការធានាឡើងវិញអំពីជំនួយយោធាបន្ថែមទៀត នៅក្នុងការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។

ទីក្រុងគីវ កំពុងធ្វើការជាមួយដៃគូអាមេរិករបស់ខ្លួន ដើម្បីធានាការសម្រេចលើថវិកាថ្មី នឹងរួមបញ្ចូលមូលនិធិសម្រាប់ប្រទេសមួយនេះ ហើយការគាំទ្ររបស់សហរដ្ឋអាមេរិក គឺនៅតែដដែល នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនបាននិយាយ។

លោក Zelenskiy បាននិយាយក្នុងសុន្ទរកថា នៃការប្រារព្ធទិវាការពារជាតិ ដោយមិនបានបញ្ជាក់ពីការបោះឆ្នោតនៅក្នុងសភាអាមេរិកដោយផ្ទាល់នោះទេ ប៉ុន្តែបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការតស៊ូដើម្បីជ័យជំនះរបស់អ៊ុយក្រែន។ លោកបាននិយាយថា គ្មាននរណាម្នាក់អាច «បិទ» ស្ថេរភាព ការស៊ូទ្រាំ ភាពរឹងមាំ និងភាពក្លាហានរបស់អ៊ុយក្រែនបានទេ។

ស្របគ្នានោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យថា គណបក្សសាធារណរដ្ឋបានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែន តាមរយៈការបោះឆ្នោតដាច់ដោយឡែកមួយ ហើយការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន មិនអាចត្រូវបានរំខាន ទោះជានៅក្នុង «កាលៈទេសៈណាក៏ដោយ»៕