គម្រោងនាវាមុជទឹក AUKUS ដើរដោយថាមពលនុយក្លេអ៊ែរ អង់គ្លេសបោះទុន៤ពាន់លានដុល្លារ
បរទេស៖ ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ៤ពាន់លានផោន ស្មើនឹង៤,៨ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញវត្ថុដំណាក់កាលថ្មីនៃគម្រោងនាវាមុជទឹកវាយប្រហារជំនាន់ថ្មី SSN-AUKUS។ កិច្ចព្រមព្រៀង ដែលជាប់ពាក់ព័ន្ធជាមួយប្រព័ន្ធ BAE នៃក្រុមហ៊ុនជាច្រើនរបស់ចក្រភពអង់គ្លេស មាន Rolls-Royce និង Babcock ជាផ្នែកនៃសម្ព័ន្ធមិត្តយោធា AUKUS រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសដើម្បីទប់ទល់ប្រទេសចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹង។
លោក Grant Shapps រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បាននិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់គណបក្សអភិរក្សនិយម ក្នុងទីក្រុង Manchester ថា នាវាមុជទឹកនេះ នឹងផ្តល់អំណាចដល់កងទ័ពជើងទឹកភូមិន្ទ(Royal Navy) ដើម្បីរក្សាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្រោមសមុទ្រ។ មេដឹកនាំ AUKUS បានបង្ហាញកគម្រោងនាវាមុជទឹករួមគ្នា កាលពិខែមីនា ក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញថាប្រទេសអូស្ត្រាលី ជំនួសនាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតរបស់ខ្លួន ជាមួយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានការបំបាំងកាយកាន់តែអស្ចារ្យ និងមានវង់បាញ់ពីចម្ងាយ។
ផែនការនេះជាប់ពាក់ព័ន្ធជាមួយប្រទេសអូស្ត្រាលី ដែលកំពុងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសហរដ្ឋអាមេរិក ហើយក្រោយមកផលិតគំរូថ្មីជាមួយសហរដ្ឋអាមេរិក និងបច្ចេកវិទ្យាចក្រភពអង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានកោតសរសើរផែនការនេះ ថាជាកិច្ចព្រមព្រៀងការពារជាតិ ពហុភាគីសំខាន់បំផុតសម្រាប់គ្រប់ជំនាន់។
ក្រុមហ៊ុនផលិតយុទ្ធោបករណ៍របស់ចក្រភពអង់គ្លេសបាននិយាយថា ការវិនិយោគនេះនឹងក្តោបលើការងារអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០២៨ និងមានការជ្រើសរើសមនុស្សបន្ថែមជាង៥.០០០នាក់ នៅការដ្ឋាន Barrow-in-Furness របស់ខ្លួននៅអង់គ្លេសភាគខាងជើង។ គំរូដំបូងនៃនាវាមុជទឹកនេះ នឹងកំណត់ពេលផ្តល់ឲ្យនៅចុងទសវត្សរ៍ឆ្នាំ២០៣០។
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពិបាកប្រទះឃើញ ដែលអាចធ្វើដំណើរក្នុងចម្ងាយដ៏អស្ចារ្យ រយៈពេលយូរ និងអាចបំពាក់មីស៊ីលតម្រង់គោលដៅទំនើប។