កូរ៉េខាងជើង៖ រិះគន់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ថាជាអ្នកបម្រើផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិក

កូរ៉េខាងជើង៖  កូរ៉េខាងជើងបានរិះគន់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិថា កំពុងរួមដៃជាមួយយុទ្ធនាការដាក់សម្ពាធដឹកនាំដោយសហរដ្ឋអាមេរិក និងកំពុងបង្កើតសេចក្ដីសម្រេចមួយជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយហៅទីភ្នាក់ងារនេះថាជា អ្នកបម្រើផលប្រយោជន៍ឲ្យទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ទី២ ខែតុលានេះ។

អ្នកនាំពាក្យ សុំមិនបញ្ចេញឈ្មោះ មួយរូបរបស់ក្រសួងឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ា បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយរិះគន់សេចក្ដីសម្រេចដាក់ចេញកាលពីថ្ងៃសុក្រនៅ កិច្ចប្រជុំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែល អំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

អ្នកនាំពាក្យរូបនេះ បានហៅសេចក្ដីសម្រេចនេះថាជាលទ្ធផលនៃការសមគំនិតគ្នា ដោយសហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថាឋានៈកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ គឺមិនអាចបកក្រោយវិញបានឡើយ។

អ្នកនាំពាក្យដដែលនេះ ក៏បានចោទប្រកាន់ប្រធានទីភ្នាក់ងារនេះ លោក Rafael Grossi ផងដែរ ពីបទដឹកនាំការបង្កើតបរិយាកាសនៃការដាក់សម្ពាធលើកូរ៉េខាងជើង ដោយផ្សព្វផ្សាយរឿងខុសអំពីលទ្ធភាពនៃការសាកល្បងអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារ IAEA ពុំមានមធ្យោបាយចូលទៅក្នុងប្រទេសកូរ៉េខាងជើងទេ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបណ្ដេញក្រុមអធិការកិច្ចរបស់ខ្លួនកាលពីឆ្នាំ២០0៩ ហើយក្រោយមកបានចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរឡើងវិញ៕