ក្រោយពីការបំផ្ទុះគ្រាប់បែកនៅរដ្ឋធានីអង់ការ៉ា ទួរគីវាយប្រហារក្រុមឧទ្ទាមឃឺដ
ទួរគីបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក្រុមឧទ្ទាមឃឺដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារក្រសួងមហាផ្ទៃរបស់ប្រទេសទួរគី។
គោលដៅចំនួន២០ទីតាំង ត្រូវបានបំផ្លាញ ហើយពួកសកម្មប្រយុទ្ធជាច្រើនមកពីក្រុមឧទ្ទាមរបស់គណបក្សពលករឃើឌីស្ថាន (PKK) ដែលបានហាមឃាត់ ត្រូវបានបង្រ្កាប យោងតាមរដ្ឋាភិបាលទួរគីបានលើកឡើង។
គណបក្ស PKK បាននិយាយថា ការបំផ្ទុះគ្រាប់បែកកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងរដ្ឋធានីអង់ការ៉ា ត្រូវបានធ្វើឡើងដោយក្រុមដែលមានទំនាក់ទំនងជាមួយពួកគេ ដោយសមាជិកម្នាក់របស់ក្រុមនោះបានបំផ្ទុះខ្លួនឯង និងអ្នកវាយប្រហារទីពីរត្រូវបានសម្លាប់ដោយនគរបាល ហើយមន្ត្រីនគរបាលពីរនាក់បានរងរបួស។
កាលពីព្រឹកថ្ងៃអាទិត្យដោយក្រុមឧទ្ទាមឃឺដ ជាឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកអត្តឃាត បានចាប់ផ្តើមនៅម៉ោងប្រហែល៩:៣០នាទីព្រឹក ម៉ោងក្នុងស្រុក នៅពេលដែលអ្នកវាយប្រហារម្នាក់បានចេញពីឡានរបស់ពួកគេ ហើយបានគប់គ្រាប់បែកតូចមួយទៅកាន់អគារក្រសួងមហាផ្ទៃដើម្បីរំខានដល់សន្តិសុខ។ ក្រោយមក អ្នកវាយប្រហារទីពីរបានបើកការបាញ់ប្រហារទៅលើអ្នកយាមនៅមាត់ទ្វារក្រសួង មុននឹងបំផ្ទុះគ្រាប់បែកអត្តឃាត។
គណបក្សពលករឃើឌីស្ថាន (PKK) ត្រូវបានចាត់ទុកថាជាក្រុមភេរវកម្មនៅក្នុងប្រទេសទួរគី សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិទួរគីបាននិយាយថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យដោយរដ្ឋាភិបាលទួរគី បានកំណត់គោលដៅរូងភ្នំ ឃ្លាំង និងលេណដ្ឋានដែលប្រើប្រាស់ដោយក្រុមបះបោររបស់គណបក្ស PKK ផងដែរ៕