អេស្ប៉ាញ៖ ភ្លើងឆេះក្លឹបរាត្រី សម្លាប់មនុស្សយ៉ាងហោច ៧នាក់ ក្នុងក្រុង Murcia  

ក្នុងអគ្គិភ័យនៅក្លឹបរាត្រីមួយ ក្នុងទីក្រុង Murcia មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់ ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ   នេះបើតាមការប្រាប់ឲ្យដឹងពីសំណាក់អភិបាលក្រុង   ដោយបានបន្ថែមថា  ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីមានហេតុការណ៍ឆេះនេះ។

នៅលើវេទិកាបណ្ដាញសង្គម X សេវាសង្គ្រោះបន្ទាន់បានប្រាប់ឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឡើងនៅព្រឹកថ្ងៃអាទិត្យ ក្នុងក្លឹបរាត្រី Teatre នៅតំបន់ជាយក្រុង Atalayas។ វីដេអូដែលបានចេញផ្សាយនៅលើគណនី X របស់សេវាកម្មពន្លត់អគ្គិភ័យប្រចាំទីក្រុង Murcia បានបង្ហាញថា អ្នកពន្លត់អគ្គិភ័យ កំពុងប្រឹងប្រែងគ្រប់គ្រងអណ្តាតភ្លើង នៅខាងក្នុងក្លឹបនោះ។

លោក Jose Ballesta  អភិបាលក្រុង Murcia បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ចំនួនអ្នកស្លាប់នៅក្នុងក្លឹបរាត្រី នៅតំបន់ Atalayas បានកើនឡើងដល់ ៧នាក់ហើយ»។

លោកអភិបាលក្រុង បានបន្ថែមថា សេវាសង្គ្រោះបន្ទាន់កំពុងធ្វើកិច្ចការរបស់ខ្លួន ដើម្បីស្វែងរកមូលហេតុនៃការឆាបឆេះនេះ។ ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍ថា មនុស្ស ៤នាក់ ត្រូវទទួលការព្យាបាល នៅមន្ទីរពេទ្យ ដោយសារស្រូបផ្សែងចូលខ្លួនច្រើនពេក៕