រថយន្ត៣គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្លា.ប់ស្ត្រី២នាក់
កោះកុង ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងបើកបុកគ្នា ក្រឡាប់រថយន្ត២គ្រឿង ស្ត្រី២នាក់បានស្លាប់ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ស្ត្រីជាជនរងគ្រោះទាំង២នាក់ស្លាប់ក្នុងហេតុការណ៍ខាងលើ ទី១ ឈ្មោះ ឈិន សឿន ភេទស្រី អាយុ២៤ឆ្នាំ ជាភាគីអ្នកបើកម៉ូតូ ,ទី២ ឈ្មោះ សូ សាម៉ន ភេទស្រី អាយុ២៧ឆ្នាំ ជាអ្នករួមដំណើរខាងម៉ូតូ ។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-0930 បើកពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) ដល់ចំណុចកើតហេតុ វ៉ាជែងជ្រុលទៅបុកជាមួយរថយន្តបែន យុីឌុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ AT22 3-2009 ដែលបើកពីកើតទៅលិចច្រាសទិសគ្នា ហើយរថយន្តបែនរេចង្កូតទៅបុករថយន្តកូរ៉េទ្រុង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7037 បើកបរដោយឈ្មោះសាញ់ ស៊ីឡន ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (របួសស្រាល)ដែលបើកពីលិចទៅកើត និងបន្តទៅបុកម៉ូតូស្ត្រីរងគ្រោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1F-9974 ដែលជិះពីលិចទៅកើត បណ្តាលឱ្យរថយននត២គ្រឿង ក្រឡាប់ មួយគ្រឿងខ្ទេចមួយកំណាត់មុខ ធ្លាក់ចេញពីផ្លូវ ស្លាប់២នាក់ ។
ក្រោយកើតហេតុសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត៣គ្រឿង ម៉ូតូ១គ្រឿង ត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕