ប្រមុខរដ្ឋ សហរដ្ឋអាមេរិក ចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ បញ្ចៀសការបិទរដ្ឋាភិបាល
អាមេរិក៖ លោក Biden ប្រធានាធិបតី កាលពីយប់ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញាកន្លងទៅ បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិបណ្ដោះអាសន្ន ដោយបញ្ចៀសបាននូវការបិទផ្នែកខ្លះរបស់រដ្ឋាភិបាល ពោលគឺភ្លាមៗ នៅមុនម៉ោងកំណត់ នាពាក់កណ្តាលអធ្រាត្រ។
សេចក្ដីសម្រេចបន្តដំណើរការនេះ (CR) ដែលទទួលបានការអនុម័តទាំងរដ្ឋសភា និងទាំងព្រឹទ្ធសភា ដោយសំឡេងភាគច្រើនលើសលប់ នៅព្រឹកថ្ងៃនោះ នឹងបន្តផ្តល់មូលនិធិដល់រដ្ឋាភិបាល ក្នុងកម្រិតចំណាយបច្ចុប្បន្នរបស់ខ្លួន រហូតដល់ពាក់កណ្តាលខែវិច្ឆិកា។ ការចំណាយនោះរួមបញ្ចូលទាំងជំនួយសង្គ្រោះគ្រោះមហន្តរាយចំនួន ១៦ពាន់លានដុល្លារ ប៉ុន្តែមិនមានជំនួយសម្រាប់ប្រទេសអ៊ុយក្រែន ឬការផ្លាស់ប្តូរគោលនយោបាយព្រំដែននោះទេ។
យោងតាមរយៈបណ្ដាញសង្គម X (ពីមុនជា Twitter) លោក Biden បានសរសេររៀបរាប់ថា៖ «ខ្ញុំទើបតែបានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបន្តរក្សារដ្ឋាភិបាលឲ្យដំណើរការរយៈពេល ៤៧ថ្ងៃទៀត។ នៅមានពេលវេលាច្រើនទៀត ដើម្បីអនុម័តសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិដល់រដ្ឋាភិបាល សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ហើយខ្ញុំសូមជំរុញយ៉ាងខ្លាំងក្លាឲ្យសភាធ្វើការភ្លាមៗ។ ប្រជាជនអាមេរិករំពឹងថា រដ្ឋាភិបាលរបស់ពួកគេ នឹងបំពេញតួនាទី។ សូមប្រាកដថា ច្បាប់នេះបានកើតឡើង»។
លោក Biden បានចុះហត្ថលេខា លើសេចក្ដីស្នើច្បាប់ឲ្យទៅជាច្បាប់ធរមាននេះ បានបិទបញ្ចប់ភាពជ្រួលច្របល់រយៈពេលប៉ុន្មានសប្តាហ៍ នៅក្នុងសភា និងរយៈពេលមួយថ្ងៃ ដែលពោរពេញដោយភាពភ្ញាក់ផ្អើល នៅវិមានកាពីតូល។ បណ្ដាសមាជិកសភាទាំងអស់ បានលេចវត្តមានឡើង នៅក្នុងព្រឹកថ្ងៃសៅរ៍ ដែលភាគច្រើនរំពឹងថា នឹងមានការបិទផ្នែកខ្លះរបស់រដ្ឋាភិបាលជាមិនខាន៕