វៀតណាម៖ ការឃាត់ខ្លួននាយិកាស្រាវជ្រាវបញ្ហាបរិស្ថាន និងថាមពល បង្កឲ្យមានការរិះគន់

វៀតណាម៖ ការឃាត់ខ្លួនលោកស្រី ប្រធានក្រុមអ្នកស្រាវជ្រាវលើគោលនយោបាយថាមពលមួយរូប ដែលធ្វើកិច្ចការផ្នែកជំនាញបញ្ហាបរិស្ថានដោយបាននំាខ្លួនទៅកាន់មន្ទីរឃុំឃំាងកាលពីរយៈពេល២ឆ្នំាកន្លងទៅ នេះបើតាមប្រទេសវៀតណាមបានអះអាងកាលពីថ្ងៃអាទិត្យ។

លោកស្រី ង៉ូ ធី តូញិន(Ngo Thi To Nhien) ជានាយិកាប្រតិបត្តិលើគំនិតផ្តួចផ្តើម ដើម្បីអន្តរកាលថាមពលរបស់វៀតណាមដែលមានមូលដ្ឋាននៅក្រុងហាណូយ(VIET) ត្រូវបានគេឃាត់ខ្លួន ដោយមិនបានបញ្ជាក់ផ្លូវការអំពីការឃាត់ខ្លួនឡើយ នេះយោងតាមក្រុមសិទ្ធិមនុស្ស បានរាយការណ៍កាលពីខែមុន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងបន្ថែមទៀតថា លោកស្រីញិន គឺជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែលធ្វើការងារជាមួយនឹងអង្គការអន្តរជាតិនានា ក្នុងនោះរាប់បញ្ចូលទំាងធនាគារពិភពលោក សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ ហើយនិងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។

បណ្តាញផ្សព្វផ្សាយរបស់រដ្ឋ កាលពីថ្ងៃអាទិត្យ បានលើកឡើងថា ដីកាចាប់ខ្លួនត្រូវបានគេចេញចាប់ខ្លួនលោកស្រី ញិន កាលពីថ្ងៃទី២០ខែកញ្ញា ដោយចោទប្រកាន់ពីបទ “មានឯកសារមិនស្របច្បាប់”។ ដោយយោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាមបានចែងថា លោកស្រីអាចនឹងប្រឈមមុខទៅនឹងការជាប់ពន្ធនាគាររហូតដល់ទៅ៥ឆ្នំាឯណោះ។

បណ្តាញផ្សព្វផ្សាយរដ្ឋវៀតណាមដដែល បានរំលេចបន្តទៀតដោយស្រង់សំដីអ្នកនំាពាក្យរដ្ឋាភិបាលចេញផ្សាយថា បន្ទាប់ពីការឃាត់ខ្លួនលោកស្រីនាយិកាប្រតិបត្តិនោះមក ឃើញមានទីភ្នាក់ងារព័ត៌មានបរទេសមួយចំនួនប្រតិកម្មដោយលើកឡើងអំពីការឃាត់ខ្លួនសកម្មជនបរិស្ថាន។ មានមនុស្សពីរនាក់ទៀត ក៏បានត្រូវបានឃាត់ខ្លួនដែរ ដោយមានការចោទប្រកាន់ស្រដៀងគ្នា។

សូមរំលឹកផងថា កាលពីខែមុន ក្រុមអ្នកនិយាយដោយសេរីភាពមានឈ្មោះថា ក្រុមគម្រោង៨៨(88 Project)បានលើកឡើងថា លោកស្រី ញិន កំពុងតែធ្វើការងារលើផែនការអនុវត្តដើម្បីភាពជាដៃគូអន្តរកាលថាមពលរបស់វៀតណាម(JETP) ដែលមានទំហំទឹកប្រាក់ប្រមាណជា ១៥ពាន់លានដុល្លារអាម៉េរិក ដែលគម្រោងនោះទទួលមូលនិធិពីក្រុមប្រទេសជី-៧(G7) ដើម្បីជួយដល់កិច្ចការស្រាវជ្រាវឥន្ធនៈហ្វូស៊ីល(fossil fuel)វៀតណាម។

ការអះអាងអំពីការឃាត់ខ្លួនលោកស្រីញិននេះ បានកើតមានឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសកម្មជនបរិស្ថានឈានមុខដែលជាប់ឃុំមួយរូបឈ្មោះ ហួង ធី មិញ ហុង(Hoang Thi Minh Hong) ជាប់ចោទពីបទគេចពន្ធ បាននំាឲ្យមានការរិះគន់ពីសហគមន៍អន្តរជាតិផងដែរ៕ ប្រភព៖ AFP