របាំងស្បៃមុង៥៥១០ម៉ែត្រ ជាមួយលូស្បៃមុងចំនួន២១មាត់ត្រូវបាន បង្ក្រាបនឹងដុតបំផ្លាញចោល

កណ្ដាល៖ ការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ កម្លាំងចំរុះ រកឃើញ១ករណីរុះរើលូស្បៃមុងចំនួន២១មាត់ របាំងស្បៃមុង៥៥១០ម៉ែត្រ បង្គាលចំនួ៥២៥ដើម យកទៅដុតបំផ្លាញនៅនឹងកន្លែងកើតហេតុ។

លោក ហេង សុភារិទ្ធី នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានដឹកនាំប្រតិបត្តិការនេះ សហការ​ជាមួយលោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដឹកនាំកងកំលាំង​គណៈបញ្ជាការ​ឯកភាពស្រុកពញាឮ  ​ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់   ត្រង់ចំណុច  ភូមិតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងប្រតិបត្តិការនោះ បានស្នើដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការ​ជាមួយខណ្ឌរដ្ឋបាល​ជលផលកណ្ដាល ​ដោយរាយការណ៍ នៅបទល្មើសនេសាទទាំងអស់ដែលកើតមានឡើង​ក្នុង​ភូមិសាស្ត្ររបស់ខ្លួន ដើម្បីឲ្យខណ្ឌរដ្ឋបាលជលផលធ្វើការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា សំដៅធានានូវធនធានជលផលស្តុកក្នុង បឹង ទន្លេធម្មជាតិអោយបានល្អ  ដើម្បីជាផលប្រយោជន៍​របស់បងប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកក៏បានក្រើនរំលឹកដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់សកម្មភាព​នេសាទខុសច្បាប់ទាំងអស់ ​ដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅពេលមានការ​បង្ក្រាបបទល្មើសទាំងនោះ ​នឹងត្រូវអនុវត្តទៅតាមច្បាប់ដោយគ្មាន​ការយោគយល់ឡើយ ទន្ទឹម​នឹងនោះខណ្ឌរដ្ឋបាលជលផលកណ្ដាល ​និងចុះធ្វើការបង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណា​ដើម្បីឱ្យខេត្តកណ្ដាល​គ្មានបទល្មើសនេសាទខុសច្បាប់ឡើយ៕