ក្រសួងបរិស្ថាន៖ ការនាំចូលផលិតផល និងសម្ភារៈប្លាស្ទិកត្រូវបានបង្កើនអាករពិសេស

ភ្នំពេញ: កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយ ក្រសួងបរិស្ថាន ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ កជា​រប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅទីលានកីឡដ្ឋានមុខសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងនៅក្នុងឱកាសនោះ បានឱ្យដឹងថា ការប្រើប្រាស់សម្ភារៈប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាលភាពមនុស្សសត្វលើភពផែនដី។ មកទល់ឆ្នាំ២០២២ នៅទូទាំងពិភពលោក បានផលិតនិងប្រើប្រាស់សម្ភារៈប្លាស្ទិកប្រមាណ ៩,៥ពាន់លានតោន ក្នុងអត្រាកំណើន ៣% ជារៀងរាល់ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រោយពីការប្រើប្រាស់សំណល់ប្លាស្ទិកត្រូវបានបោះចោល ហើយមានតែប្រមាណ ៩% នៃបរិមាណសំណល់ប្លាស្ទិក សរុបលើពិភពលោកប៉ុណ្ណោះ ដែលបានយកមកកែច្នៃផលិតឡើងវិញ រីឯសំណល់ប្លាស្ទិក៩១%ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភពទឹក ហូរចាក់ចូលទៅក្នុងសមុទ្រ ប្រមាណជាង ៨លានតោនក្នុង១ឆ្នាំ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការបង្កើតសំណល់ប្លាស្ទិក ក្នុងបរិមាណដ៏ច្រើនគួបផ្សំ នឹងវិធានការគ្រប់គ្រងនៅមានកម្រិត បានបង្កបញ្ហាបរិស្ថានជាច្រើនដូចជា៖ ការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការដុតសំណល់ប្លាស្ទិក ការប៉ះពាល់សុខភាពមនុស្សសត្វ ដោយកំណើនវត្តមានពពួកមីក្រូប្លាស្ទិក ក្នុងប្រភពទឹកសាធារណៈ និងការបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះពី សំណល់ប្លាស្ទិកយ៉ាងច្រើននៅក្នុងសមុទ្រ និងមហាសមុទ្រ។

ដោយឡែកនៅកម្ពុជា កត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គម និងការរស់នៅ បានធ្វើឱ្យការប្រើប្រាស់សម្ភារៈប្លាស្ទិកមានកើនឡើង ក្នុងកម្រិតខ្ពស់ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម៤ថង់ក្នុង១ថ្ងៃ គឺសរុបថង់ប្លាស្ទិក ប្រើទូទាំងប្រទេសក្នុង១ថ្ងៃ ប្រមាណ៥៥លានថង់ ដែលគិតជាទម្ងន់ប្រមាណ២៨០តោន។ ក្រៅពីថង់ប្លាស្ទិកនៅមានសម្ភារៈប្លាស្ទិកបម្រើផ្នែកអាហារ និងភេសជ្ជៈដូចជា៖ ចានប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ សម្ភារប្លាស្ទិក ដែលប្រើប្រាស់រួច ត្រូវបានចោលលាយឡំជាមួយសំរាមសំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយនៅតាមទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង។

ដូច្នេះដើម្បីឆ្លើយតបនឹងកំណើនខ្លាំង នៃការប្រើប្រាស់សម្ភារៈប្លាស្ទិក ពិសេសថង់ប្លាស្ទិក នាពេលកន្លងមកនេះ ក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បានដាក់ចេញវិធានការនានាដូចជា៖ ការបង្កើនអាករពិសេសលើការនាំចូលផលិតផល និងសម្ភារៈប្លាស្ទិកពី ៧% ទៅ១០% និងការគិតថ្លៃថង់ ប្លាស្ទិក (៤០០រៀលក្នុង១ថង់) នៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងគោលបំណងឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ទន្ទឹមនឹងនេះដែរ លោកបានបញ្ជាក់ថា ដើម្បីបន្តដាក់ចេញ និងអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន៕