ស្ទឹងពោធិ៍សាត់ព្រឹកនេះកម្ពស់ទឹក បន្តស្រកចុះមកនៅក្រោមកំរិតប្រកាសអាសន្ន
ពោធិ៍សាត់៖ ទឹកស្ទឹង ពោធិ៍សាត់ បានបន្តស្រកចុះ ដោយទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ស្ថិតនៅក្រោមកម្ពស់ប្រកាសអាសន្ន ដែលមានកម្ពស់៥ម៉ែត្រ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០២៣នេះ។ នេះបើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់។
នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ផ្ទះប្រជាពលរដ្ឋតាមទីតាំងមួយចំនួនដែលបានជន់លិចកាលពីម្សិលមិញបាន ស្រកទៅវិញហើយ តែទីតាំងដែលមានទឹកបែកវាលនៅតែបន្តលិចលង់ដដែល នៅវាលស្រែចម្ការជាច្រើនពាន់ហិកតា ដែលលិចលង់ កំពុងប្រឈមនិងការខូចខាត ។
ទោះជាយ៉ាងណាអាជ្ញាធរខេត្ត ពោធិ៍សាត់ នៅតែបន្តដឹកនាំកម្លាំង ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋជាប់ជានិច្ច។
សូមបញ្ជាក់ដែរថា ក្នុងខេត្តពោធិ៍សាត់ មានក្រុងស្រុកចំនួន៤ បានជន់លិចដោយសារជំនន់ទឹកភ្លៀង រួមមាន៖ ក្រុង ពោធិ៍សាត់ ស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង ធ្វើឲ្យប៉ះពាល់ស្រែចម្ការជាច្រើនពាន់ហិកតា ប៉ះពាល់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ហើយប្រជាពលរដ្ឋជាច្រើនត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងខូចខាតផ្លូវថ្នល់ស្ពានជាច្រើនកន្លែងផងដែរ។