តំបន់គ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន គាំទ្រជម្រើសក្នុងការចូលរួមជាមួយទីក្រុងមូស្គូ

រុស្ស៊ី៖ លោក Vladimir Putin មេដឹកនាំវិមានក្រឹមឡាំង បាននិយាយនៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះថា ប្រជាជននៅក្នុងតំបន់គ្រប់គ្រងដោយទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន បង្ហាញពីបំណងចង់ក្លាយជាផ្នែកមួយរបស់រុស្ស៊ី ក្នុងការបោះឆ្នោតតំបន់កាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ឡើងវិញការបោះឆ្នោតប្រជាមតិកាលពីឆ្នាំមុន ដែលបណ្តាប្រទេសលោកខាងលិចបានរិះគន់ថាខុសច្បាប់។ នៅក្នុងការថ្លែងសុន្ទរកថាតាមវីដេអូ ចេញផ្សាយនៅថ្ងៃខួបមួយឆ្នាំនៃការប្រកាសដ៏ចម្រូងចម្រាសរបស់រុស្ស៊ីថា ខ្លួនបានដាក់បញ្ចូលជាឧបសម្ព័ន្ធតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលលោក Putin បាននិយាយថា ជម្រើសដើម្បីចូលជាមួយរុស្ស៊ី ត្រូវបានគាំទ្រដោយការបោះឆ្នោតតំបន់ក្នុងខែនេះ ដែលបានប្រែក្លាយមន្ត្រីមកគាំទ្រការដាក់បញ្ចូលឧបសម្ព័ន្ធរបស់រុស្ស៊ី។

លោកបាននិយាយនៅក្នុងវីដេអូថា «ដូចឆ្នាំកន្លងទៅដែរ នៅក្នុងការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្រ្ត ប្រជាជន បានបង្ហាញនិងបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ពួកគេ ក្នុងការមករួមរស់ជាមួយរុស្ស៊ី និងបានគាំទ្រជនរួមជាតិរបស់ពួកគេ តាមរយៈកម្លាំងពលកម្ម និងសកម្មភាពជាក់ស្តែង ដែលបានបង្ហាញឲ្យឃើញពីតម្លៃ នៃការជឿទុកចិត្តរបស់ប្រជាជន។ លោក Putin បានបញ្ជាក់ជាថ្មីពីជំហររបស់លោកថា ការវាយលុករបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ ២០២២ ទៅលើអ៊ុយក្រែន បានជួយសង្គ្រោះប្រជាជនពីមេដឹកនាំជាតិនិយមនៅទីក្រុង Kyiv ដែលបានរៀបចំសកម្មភាពសង្រ្គាមស៊ីវិលពេញលេញ និងភេរវកម្មប្រឆាំងអ្នកទាំងឡាយណាដែលគិតផ្ទុយពីគ្នា។ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ផ្នែកនៃតំបន់របស់អ៊ុយក្រែនចំនួនបួនមាន Donetsk, Luhansk, Kherson និង Zaporizhzhia ត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធផ្លូវការជាមួយរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិ ដែលទីក្រុងមូស្គូនិយាយថា ទទួលបានមកវិញភាគច្រើនលើសលប់ជាទីពេញចិត្ត។ បណ្តាប្រទេសលោកខាងលិច បានច្រានចោលលទ្ធផលនេះថា ជាការដាក់បញ្ចូលឧបសម្ព័ន្ធគ្មានន័យ និងខុសច្បាប់ ក្រោមការបង្ខិតបង្ខំពីអ្នកបោះឆ្នោតយ៉ាងច្រើន។