អាកាសយានដ្ឋានថ្មីសៀមរាប៖ ៥តុលាជាថ្ងៃធ្វើតេស្តចុងក្រោយ មុនដាក់ឲ្យដំណើរការជាលើកដំបូងនៅថ្ងៃ ១៦តុលា
- ភ្នំពេញ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុន AIAI នឹងធ្វើតេស្តការហោះហើរបង្ហាញចុងក្រោយ( Final Airport Fight Demonstration) នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីបញ្ជាក់ពីសមត្ថភាពក្នុងការគ្រប់គ្រងការប្រតិបត្តិការអាកាសយាន្តដ្ឋាននេះទាំងមូល មុននឹងបើកទទួលជើងហោះហើរលើកទី១ នៅថ្ងៃទី១៦ ខែតុលា និងត្រៀមដាក់ឲ្យសម្ភោធជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ បើតាមមន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បានឲ្យដឹង។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ថា នេះគឺជាការធ្វើតេស្តហោះហើរបង្ហាញចុងក្រោយបំផុត ដើម្បីបញ្ជាក់ពីដំណើរការដោយរលូននៃប្រតិបត្តិការ និងការគ្រប់គ្រងទាំងមូលនៅក្នុងអាកាសយានដ្ឋាន។
ឯកឧត្ដមបន្តថា នៅថ្ងៃនោះនឹងមានអ្នកដំណើរមក Check in មុនចេញដំណើរ ( Departure) ដើម្បីឡើងយន្តហោះ និងធ្វើដំណើរត្រឡប់មកវិញ( Arrival) ដោយឆ្លងកាត់នីតិវិធីផ្សេងៗ។ នៅអំឡុងពេលតេស្តនោះ គឺតេស្តទាំងឧបករណ៍-បរិក្ខារ-ប្រព័ន្ធគ្រប់គ្រង និងការផ្តល់សេវាកម្មពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញ និងធានាថា មានដំណើរការល្អដូចការរំពឹងទុកដែរឬទេ?
ឯកឧត្ដមបន្ថែមថា ក្រោយតេស្តលើកចុងក្រោយរួច អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដាក់ឱ្យដំណើរការជាលើកដំបូង ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល ជាមួយតំណាងក្រុមហ៊ុនអង្គរអ៊ិនធើណេសិនណល អ៊ែរផត អិនវេសម៉ិន ខេមបូឌា ឯ.ក(AIAI) និងស្ថាប័នពាក់ព័ន្ធ ក្នុងដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះ នឹងត្រូវដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីចិន។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបានប្រាំពីរលាននាក់ក្នុងមួយឆ្នាំ និងឈានទៅទទួលអ្នកដំណើរបានដប់ពីរលាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០តទៅ។ អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០០០០តោនក្នុងមួយឆ្នាំ និង ២៦០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ តទៅ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥៨០០ ជើងក្នុងមួយឆ្នាំ ទៅ ១១២៧០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ តទៅ។
អាកាសយានដ្ឋានមួយនេះ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណមួយពាន់មួយរយលានដុល្លារ៕