បម្រាមលើការវិនិយោគ ចិនជំរុញឲ្យអាមេរិកពិចារណាយ៉ាងល្អិតល្អន់

ចិន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកមានគម្រោងដាក់កម្រិតការវិនិយោគថ្មី ក្នុងប្រទេសចិន ពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាន់ខ្ពស់ ត្រូវបានក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន បានអំពាវនាវឲ្យសហរដ្ឋអាមេរិកគោរពច្បាប់សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ហើយគិតគូរយ៉ាងល្អិតល្អន់ដល់ច្បាប់ពាក់ព័ន្ធនានា។

ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) និងសភាពាណិជ្ជកម្មអន្តរជាតិចិន (CCOIC) បានព្រមានថា ការហាមឃាត់ការវិនិយោគនេះនឹងបង្កគ្រោះថ្នាក់ដល់ការផ្លាស់ប្តូរពាណិជ្ជកម្មដែលតែងមានជាធម្មតា រវាងប្រទេសទាំង២ ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៃខ្សែច្រវាក់ឧស្សាហកម្មសកលផងដែរ។

គួររំលឹកថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃទី៩ ខែសីហា ដែលហាមឃាត់ដល់ការវិនិយោគរបស់សហរដ្ឋអាមេរិក ក្នុងអង្គភាពអាជីវកម្មនានារបស់ប្រទេសចិន ដែលពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិក មីក្រូអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន Quantum និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) មួយចំនួន។ ឱកាស ដែលមានរយៈពេល ៤៥ថ្ងៃ សម្រាប់ការផ្ដល់មតិយោបល់ជាសាធារណៈ ពាក់ព័ន្ធនឹងច្បាប់នេះ ត្រូវគ្រោងបិទបញ្ចប់នៅថ្ងៃសុក្រនេះ៕