កាកបាទក្រហមកម្ពុជា៖ ទូលថ្វាយអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ នូវព្រះរាជទ្រព្យចំនួន ១០០០ដុល្លារ
ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវ ព្រះរាជទ្រព្យ ចំនួន ១០០០ USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះ កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ក្នុងនាមកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយ អំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជ ទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្ត្រ កម្ពុជាក្រីក្រទទួលរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិនានាក្នុងលោក ព្រះបារមី ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះ មេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រកម្ពុជាជ្រកកោនតរៀងទៅ៕