ចិន៖បញ្ចេញប្រតិកម្មរិះគន់ការដាក់បង្ហាញនូវនាវាមុជទឹកផលិតក្នុងស្រុកដំបូងគេរបស់កោះតៃវ៉ាន់
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញាកន្លងមកនេះ ក្រសួងការបរទេសចិន បានចោទប្រកាន់កោះតៃវ៉ាន់ថា កំពុងព្យាយាមបង្កើនអត្តចរិតនៃភាពជាសត្រូវ និងកំពុងប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន តាមរយៈការអភិវឌ្ឍនាវាមុជទឹកផ្ទាល់ខ្លួនផលិតក្នុងស្រុកដំបូងគេ ដែលយកមកដាក់បង្ហាញជាសាធារណៈកាលពីពេលថ្មីៗកន្លងទៅ។
លោកស្រី Mao Ning មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ដែលធ្លាប់បានបញ្ជាក់ច្បាស់ៗថា បញ្ហាកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន បានលើកឡើងថា កិច្ចខិតខំពង្រីកវិស័យយោធារបស់កោះតៃវ៉ាន់នៅពេលនេះ នឹងធើ្វឱ្យប៉ះពាល់ដល់ដំណើរការស្ថិរភាព និងសន្ដិសុខនៅក្នុងតំបន់ច្រកសមុទ្រមួយនេះនាថ្ងៃអនាគត។
គួរបញ្ជាក់ថា ក្រោយពីមានបញ្ហាតានតឹងជាមួយប្រទេសចិន រដ្ឋាភិបាលកោះតៃវ៉ាន់បានងាកមកផ្តោតលើការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាយោធាសំខាន់ៗ ដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ ជាពិសេសរួមមាន ការផ្តោតលើយន្តហោះចម្បាំង នាវាមុជទឹក និងគ្រាប់មីស៊ីលជាដើម ដើម្បីឆ្លើយតបនឹងកំណើនសកម្មភាពយោធារបស់ចិននៅក្បែរតំបន់ដែនទឹករបស់កោះតៃវ៉ាន់។
យោងតាមមន្រ្តីក្រសួងការពារជាតិតៃវ៉ាន់ ធ្លាប់បានលើកឡើងថា ដោយប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាយ៉ាងសកម្ម និងបើកចំហរពីប្រទេសចិន តៃវ៉ាន់គ្មានជម្រើសអ្វីក្រៅពីខិតខំពង្រឹងសមត្ថភាពយោធាសម្រាប់ការពារខ្លួនឡើយ ។
ពាក់ព័ន្ធនឹងការដាក់បង្ហាញនូវនាវាមុជទឹកថ្មីមានឈ្មោះថា ណាវ៉ាល់ (Narwhal) មន្រ្តីយោធាកោះតៃវ៉ាន់បានបញ្ជាក់ថា នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ខាងមុខ៕ ប្រភព៖ Reuters