សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ព្រះវិហារ៖ ពិធីបួងសួងរំលឹកដល់ដួងព្រលឹងបុព្វបុរសខ្មែរ និងអបអរសាទររមណីយប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
រមណីយដ្ឋានប្រាសាទកោះកេរ គឺជាសម្បត្តិវប្បធម៌រូបីទី៤ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា, ក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារ។
នេះជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃត្រូវបានពិភពលោកទទួលស្គាល់ និងបានចារឈ្មោះនៅក្នុងក្រាំងប្រវត្តិសាស្រ្តរបស់ពិភពលោក។