រថយន្តបុកម៉ូតូស្លាប់បុរសម្នាក់ ឯស្រ្តីម្នាក់ចុះអង្គុយយំរហូតគាំងបេះដូង

បន្ទាយមានជ័យ ៖ បង្កការភ្ញាក់ផ្អើលនៅជាខ្លាំងនៅពេល ស្ត្រីម្នាក់បើករថយន្ត RIVO ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូហុងដាឌ្រីម បណ្តាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ស្រាប់តែស្ត្រីជាអ្នកបើកបររថយន្ត ឃើញរន្ធត់ពេក ចុះមកអង្គុយទ្រហោរយំរហូតគាំងបេះដូង។

ហេតុការណ៍ដ៏រន្ធត់ខាងកើតឡើងកាលពីវេលាម៉ោង២រសៀល កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខភោជនីយដ្ឋានផ្កាយព្រឹក ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានស្លាប់នៅកន្លែងមានឈ្មោះ ខុង សុវណ្ណ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបររត់ម៉ូតូឌុ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ។ ចំណែកស្ត្រីជាអ្នកបើកបររថយន្តបង្ក មានឈ្មោះ ប្រាំង សារាត អាយុ៦៨ឆ្នាំ រស់នៅភូមិរោចម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្បែរកន្លែងកើតហេតុដែរ។

តាមប្រភពបន្តទៀតថា មុនកើតហេតុ ស្ត្រីខាងលើ បើករថយន្តម៉ាកRIVO ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-9055 តាមផ្លូវលំពីត្បូងទៅជើង ឆ្លងឡើងផ្លូវជាតិ៥ ជ្រុលបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០០៨ ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1B-4518 អូសឆ្លងផ្លូវទៅបុកផ្ទប់ផ្ទះលក់គ្រឿងសំណង់ បណ្តាលឲ្យស្លាប់ជនរងគ្រោះ ខណៈនោះស្ត្រីជាអ្នកបើកបររថយន្ត មានភាពរន្ធត់ពេកចុះមកអង្គុយទ្រហ៊ោយំរហូតគាំងបេះដូង ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕