តិច​ភ្លេចថ្ងៃពិសេស! ស្អែក​នេះបិណ្ឌ១ហើយ ​ទៅ​បោះ​បាយបិណ្ឌ

ថ្ងៃស្អែក​នេះ! ​ជាថ្ងៃ​កាន់បិណ្ឌ១ ត្រូវ​នឹង​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក៏ជាវេលាប្រជាជន​ខ្មែរ​យើងទូទាំងប្រទេស ​តែង​យល់ថា ជាបុណ្យ​ភ្ជុំបិណ្ឌ ។

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ការធ្វើ​បុណ្យ​ដាក់​បិណ្ឌ ដើម្បី​ឧទ្ទិស​កុសល​ ដល់​ដួងវិញ្ញ​ណ​ក្ខ​ន្ធ​បុគ្គល​ទាំងឡាយ​ដូចជា​ឳពុក ម្ដាយ បងប្អូន ញាតិសន្ដាន ដែល​បាន​ចែក​ស្ថាន​ទៅហើយ​មិនដឹងថា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី? តើ​ហេតុអ្វី​បានជា​ខ្មែរ​យើង​រៀបចំ​ពី​ធី​កាន់បិណ្ឌ​ដាក់​បិណ្ឌ និង​បោះ​បាយបិណ្ឌ​នេះ?

កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ គឺដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្តទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល៣ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា។ នៅក្នុង​សំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយសារ​នៅក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើ​ឱ្យមានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុងពេល​ធ្វើ​គោចរ​បិណ្ឌបាត ហេតុដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ ​ប្រចាំថ្ងៃ​រហូតដល់​ថ្ងៃ​ចេញ​វស្សា។

ម្យ៉ាងវិញទៀត នៅក្នុង​ពិធីបុណ្យ​នេះ គឺធ្វើឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេ​ត​ជន​ញាតិ និង​ញាតិ​ទាំង៧សន្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​ទៀត នោះ​ផងដែរ គឺ​ទៅ​តាមរយៈ​អនុភាព​នៃ​សង្ឃគ​តា​ទក្ខិណាទាន ដែល​រស់​រងទុក្ខវេទនា កើតជា​ប្រេត​មានកម្ម​ពៀរ ជាប់ទោស​ធ្ងន់រងកម្ម​ក្រហល់ក្រហាយអត់ឃ្លាន​ទាំងអស់នោះ បាន​រួច​ផុតពី​ក្ដី​លំបាក​សោកសៅ។

ម្យ៉ាងទៀត​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយសារតែ​ពួកគេ​មាន​ជំនឿ​យ៉ាង​មុតមាំ​តាម​បណ្ដាំចាស់ៗ ដែល​ពោល​ណែនាំ និង​អនុវត្ត​ជា​រៀងរាល់ឆ្នាំតៗគ្នា​មក។ គេ​ជឿថា សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅហើយ មាតាបិតា ជីដូន​ជីតា បងប្អូន​កូនចៅ ញាតិ​កា​ទាំង ៧ សន្ដាន​នោះ ដែល​ខ្លះ​មាន​បាបកម្ម​ត្រូវ​ទទួលទោស​នៅ​ឋាននរក​កើតជា​ប្រេត កើតជា​អបាយភូមិ​វេទនាណាស់។ ឋាន​នោះ​ស្ថិតនៅ​ជ្រៅ​ឆ្ងាយ​ពី​ឋានមនុស្ស​មិនអាច​មើលឃើញ​ពន្លឺព្រះអាទិត្យ​ទេ ហើយក៏​គ្មាន​សំលៀកបំពាក់ គ្មាន​អាហារ​បរិភោគ​ដែរ។ លុះដល់​រដូវ​បុណ្យ​គេ​ដោះលែង​ឱ្យមក​ទទួល​ផល្លា​និ​សង្ឃ ដែល​សាច់​សា​លោក​ហិត ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ។

ប្រជាជន​ខ្មែរ​ជឿថា​ព្រលឹង​របស់​អ្នក​ទាំងនោះ​នឹង​មកដល់​វត្ត​អារាម​ហើយ ទទួល​ការផ្ដល់ជូន​ពី​សាច់ញាតិ ឬ​កូនចៅ​របស់​ពួកគេ​តាមរយៈ ការ​អធិដ្ឋាន​ដោយ​ព្រះសង្ឃ។ ម្យ៉ាងទៀត​គេ​ខ្លាច​ជីដូន​ជីតា​ដាក់​ប្រទេច​បណ្ដាសា​ឱ្យគេ​ហិនហោច ប្រសិនបើ​ដើរ​ស្វែងរក​គ្រប់៧វត្ត​ហើយ​នៅ​មិនឃើញ​សាច់ញាតិ​ធ្វើបុណ្យ​ឧទ្ទិស​ឱ្យ។ មួយវិញទៀត​គេ​សង្ឃឹមថា កុសលផល​បុណ្យ​ដែល​គេ​បានធ្វើ​នៅ​ជាតិ​នេះ​នឹងធ្វើ​ឲ្យ​គេ​ទទួលបាន​នូវ​សេចក្ដីសុខ​ចំរើន​រហូតដល់​ជាតិ​ក្រោយ។

ដោយឡែក ក្រៅពី​ពិធី​កាន់បិណ្ឌ នៅក្នុង​ផ្នត់គំនិត​ប្រជាជន​ខ្មែរ​ជំនឿ​នៃ​ការបោះ​បាយបិណ្ឌ ត្រូវបាន​គេ​រៀបចំ​ព្រម​គ្នា ដោយ​គេ​ធ្វើជា​បាយ​ពំនូត​ដំតូចៗ ដែលមាន​ច្របាច់ បាយដំណើប ចេក ល្ង និង​ផ្កា ធ្វើបែបនេះ​គឺ​ដើម្បី​ងាយស្រួល​ឱ្យ​ប្រេត​អាច​លូក​ចាប់បាន​ដោយ​ដៃ។ ពិធី​ខ្លះទៀត គេ​បោះ​បាយបិណ្ឌ ដោយ​យក កន្ទេល​ទៅ​ក្រាល នៅ​ជុំវិញ​របង​វត្ត ៨ទិស ហើយ​មាន​ដាក់​តម្រៀប​ខ្ទះធំៗ ឬ កន្តាំង កញ្ជើ ល្អី ដើម្បីឱ្យ​អ្នកបុណ្យ ធ្វើការ​ចែកទាន ទៅតាម​សទ្ធា ដោយមាន បោះ នំអន្សម នំ​បត់ នំ​ធ្មៃ ពំនូត​បាយ ឬ អាហារ​គោក ផ្សេងៗ ចូលទៅក្នុង​ខ្ទះ កញ្ជើ ល្អី កន្តាំង ដែល​តម្រៀប​ជា​ជួរ​ទាំងនោះ។ ធ្វើបែបនេះ គឺ​ដើម្បី​ងាយស្រួល ឱ្យ​ប្រេត​អាច​លូក​ចាប់បាន​ដោយ​ដៃ កើប​យកទៅ​ផ្ទះ ចែក​ក្រុមគ្រួសារ​ផង ហើយ​មាន​របៀប​មិន​កំពប់​ចោលទទេៗផង។

ម្យ៉ាងទៀត គេ​ក្រាលកន្ទេល​ពីក្រោម កញ្ជើ​ក​ន្ទាំ​ង​ទាំងនោះ គឺ​សម្រាប់​ទុក​ត្រង​អាហារ​កំពប់ ដើម្បី​ទុក​ចែក​ឆ្កែ​ឆ្មា​អនាថា ឱ្យបាន​ឆី​ព្រម​ផង ដោយ​ពុំមាន​ការប្រមាថ ដោយ​ឱ្យ​សត្វ​ឆី​អាហារ​ពី​ដី ដូច​ថ្ងៃធម្មតាៗដទៃទៀត​ឡើយ ព្រោះ ថ្ងៃនេះ គឺជា​ថ្ងៃ​តំកើង​រាសី​របស់​មនុស្ស​គ្រប់គ្នា រួមទាំង​សត្វ​ទាំងឡាយ ដែល​បម្រើ​គ្រួសារ​ក្នុងភូមិ​ផង។ អ្នកស្រុក​ទាំងឡាយ​មានជំនឿថា គេ​មិន​ត្រូវឱ្យ​កំពប់​បាយ​មួយ​គ្រាប់ ចោល​ទៅ​ដី​ទេ ព្រោះ​ជា​ភស្តុតាង​នៃ​ការមើល​ងាយ​ព្រះ​ម៉ែ ដែលនាំឱ្យ​អាប់រាសី​កូនចៅ។ នេះ​គ្រាន់តែ​ជា​បំណែក​ជ្រុង​មួយ ក្នុង​បវេណី​អត្តសញ្ញាណ​ដ៏​ប្រសើរ​របស់​ខ្មែរ​យើង ដែល​យើង​គប្បី​សិក្សា ពង្រីក​ស្មារតី​គំនិត​បញ្ញា និង​ចំណេះដឹង អោយបាន​កាន់តែ​ទូលាយ ប្រសើរឡើង គ្រប់ៗគ្នា។

សូមជម្រាបថា ឆ្នាំនេះ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពីថ្ងៃ១រោច ដល់​ថ្ងៃ១៥រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី៣០ ខែកញ្ញា ដល់ទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ។ ប្រភព៖ ប្រតិទិន​ចន្ទគតិ​ខ្មែរ_អ្នកស្រី កែវ ច័ន្ទបូរណ៍