អគ្គលេខាធិការអង្គការណាតូ កងកម្លាំងអ៊ុយក្រែន បានកំពុងតែប្រសើរឡើងបន្តិចម្តងៗ

បរទេស៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ (NATO) ក្នុងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគីវ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកញ្ញា) នេះ ថា កងកម្លាំងរបស់ប្រទេសអ៊ុយក្រែន «កំពុងតែប្រសើរឡើងបន្តិចម្ដងៗ» ក្នុងយុទ្ធនាការវាយបករបស់ពួកគេ ទល់នឹងកងកម្លាំងរុស្ស៊ី។

ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy លោក Stoltenberg បាននិយាយថា៖ «រាល់ដីគ្រប់ម៉ែត្រទាំងអស់ ដែលកងកម្លាំងអ៊ុយក្រែនដណ្ដើមបានមកវិញ គឺជាដីគ្រប់ម៉ែត្រ ដែលរុស្ស៊ីបាត់បង់»។ លោកបានបន្ថែមថា៖ «ហើយមានភាពខុសគ្នាស្រឡះ គឺថា ប្រជាជនអ៊ុយក្រែនកំពុងប្រយុទ្ធ ដើម្បីគ្រួសារ អនាគត និងសេរីភាពរបស់ពួកគេ។ តែទីក្រុងម៉ូស្គូកំពុងប្រយុទ្ធ ដើម្បីភាពវង្វែងវង្វង់ជាអធិរាជ»។

ជាមួយគ្នានេះ លោក Stoltenberg បានបន្ថែមថា លោកកំពុង «ជំរុញឥតឈប់ឈរ» ដល់សម្ព័ន្ធមិត្តណាតូឲ្យផ្តល់ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន និងពន្លឿនការផ្គត់ផ្គង់ ជាពិសេសប្រព័ន្ធការពារដែនអាកាស៕