លោក Menendez សមាជិកព្រឹទ្ធសភាអាមេរិក ផ្តល់ចម្លើយគ្មានទោសចំពោះការចោទប្រកាន់ពីបទពុករលួយ

អាមេរិក៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Bob Menendez និងភរិយា Nadine ក្រោយដើរកាត់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ បានផ្តល់ចម្លើយគ្មានទោសនៅតុលាការសហព័ន្ធក្រុង Manhattan ចំពោះការចោទប្រកាន់លើបទទទួលសំណូកពីក្រុមធុរកិច្ចរដ្ឋ New Jersey ចំនួន ៣រូប ។

ក្រុមរដ្ឋអាជ្ញា កាលពីសប្តាហ៍មុន បានចោទប្រកាន់លោក Menendez និងភរិយារបស់លោកថាបានទទួលយកដុំមាស និងប្រាក់រាប់ម៉ឺនដុល្លារ ជាការដោះដូរឲ្យសមាជិកព្រឹទ្ធសភារូបនេះ ប្រើប្រាស់ឥទ្ធិពលរបស់លោកលើការផ្តល់ជំនួយដល់រដ្ឋាភិបាលអេហ្ស៊ីប ។ លោករងការចោទប្រកាន់ផងដែរថា បានជ្រៀតជ្រែកចូលទៅក្នុងការស៊ើបអង្កេតការពង្រឹងច្បាប់លើក្រុមធុរកិច្ច គឺជាករណីចោទប្រកាន់មួយដែលលោកបានផ្តល់ចម្លើយគ្មានទោសដូចគ្នា។

ក្រុមរដ្ឋអាជ្ញា និយាយថា អ្នកជំនួញ Wael Hana បានរៀបចំឲ្យមានជំនួបរវាងសមាជិកព្រឹទ្ធសភារូបនេះ និងក្រុមមន្រ្តីអេហ្ស៊ីប ដែលបានជំរុញរូបលោកឲ្យយល់ព្រមលើជំនួយយោធា ជាការដោះដូរឲ្យភរិយាយរបស់លោកជួលបុគ្គលិកក្រុមហ៊ុនដែលលោក Hana គ្រប់គ្រង។

លោក Hana កាលពីថ្ងៃអង្គារកន្លងទៅ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពជាមួយនឹងការដាក់ប្រាក់តម្កល់ ៥លានដុល្លារ ។ ចាប់តាំងពីការចោទប្រកាន់កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាងពាក់កណ្តាលនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានអំពាវនាវឲ្យលោក Menendez លាលែងពីតំណែង។

លោកពិតជាបានលាលែងពីតំណែង ជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភា សហរដ្ឋអាមេរិក ដោយសារជាតម្រូវការក្រោមការគ្រប់គ្រងគណបក្សរបស់លោក ប៉ុន្តែកាលពីថ្ងៃចន្ទ លោកនិយាយថា លោកនឹងមិនលាលែងពីតំណែងសមាជិកព្រឹទ្ធសភាជាដាច់ខាត។

លោក Menendez និយាយថា អ្វីទាំងអស់ដែលខ្ញុំសុំនៅពេលនេះពីសហការីនៅក្នុងសភា ក្រុមមេដឹកនាំឈ្នះឆ្នោត និងក្រុមអ្នកគាំទ្ររដ្ឋ New Jersey ដែលខ្ញុំធ្វើការជាមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ក៏ដូចជាអ្នករាល់គ្នាដែលចាត់ទុករដ្ឋ New Jersey ថាជាផ្ទះរបស់ខ្លួន គឺផ្អាក និងអនុញ្ញាតឲ្យបង្ហាញការពិតចេញទាំងអស់សិន។

បញ្ជាក់ឲ្យដឹងថា ការស៊ើបអង្កេតចុងក្រោយនេះ គឺជាលើកទី៣ ដែលលោក Menendez ស្ថិតក្រោមការស៊ើបអង្កេតដោយក្រុមរដ្ឋអាជ្ញាសហព័ន្ធ បើទោះបីជារូបលោក ពុំធ្លាប់ត្រូវបានកាត់ទោសក៏ដោយ ៕