ពាណិជ្ជកម្មឌីជីថល៖ សិក្ខាកាមកម្ពុជា ៣៤ រូបទទួលជោគជ័យលើការសិក្សានៅប្រទេសចិន

ភ្នំពេញ៖ មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា សិក្ខាកាមកម្ពុជាចំនួន ៣៤ រូប ទទួលបានជោគជ័យលើការសិក្សា ស្តីពីពាណិជ្ជកម្មឌីជីថលរយៈពេល ២០ថ្ងៃ នៅទីក្រុងឆុងឈីង ប្រទេសចិន។

សិក្ខាកាមទាំង ៣៤ រូប ក្រោយទទួលបានជោគជ័យនោះ ត្រូវបាន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង លោក HE Ji ប្រធានមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង (Chongqing Creation Vocational College) នៃសាធារណរដ្ឋប្រជាមានិតចិនធ្វើពិធីប្រគល់សញ្ញាបត្រនៅថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក (NC-ESCAP) ចាប់តាំងពីឆ្នាំ ២០១៩ កម្ពុជាសហការជាមួយមហាវិទ្យាល័យបណ្តុះ បណ្តាលវិជ្ជាជីវៈឆុងឈីង បានបញ្ជូនសិក្ខាកាមកម្ពុជាប្រមាណជិត ១០០នាក់ ដើម្បីទទួលបាននូវការបណ្តុះ បណ្តាលជំនាញចំនួនបីលើក ព្រមទាំងរៀបចំឱ្យមានការចុះអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួនទៀត រវាងស្ថាប័នរដ្ឋ វិស័យឯកជនកម្ពុជា ជាមួយនឹងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈ។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ លោក HE Ji និងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ក៏ដូចជារដ្ឋបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង ដែលតែងតែចំណាយពេលវេលានិងធនធាន ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា រយៈពេលកន្លងមក និងនាពេលអនាគត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវបន្តចូលរួមកសាងនូវចំណង មិត្តភាពកាន់តែជិតស្និទ្ធជាមួយប្រទេសនិងប្រជាជនចិន ដែលជាមរតកប្រវត្តិសាស្រ្តរយៈពេល ៦៥ ឆ្នាំ បន្សល់ទុកតាំងពី ព្រះករុណាព្រះបាទ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ព្រមទាំងត្រូវបន្តចូលរួមពង្រឹងនូវចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា-ចិនក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា៕