ចាប់ផ្ដើមអាជីវកម្ម តើត្រូវធ្វើដូចម្ដេច គ្មានលុយសោះ?
ចាប់ផ្តើមមានគំនិតគិតចង់ចាប់ផ្ដើមអាជីវកម្មអ្វីមួយ ជាទូទៅមនុស្សយើងបានយល់ឃើញថា ទាល់តែមានលុយគ្រប់គ្រាន់ជាមុនសិន ដើម្បីយកធ្វើជាដើមទុន ទើបអាចចាប់ផ្ដើមបាន ដូច្នេះបើគ្មានលុយគ្រប់គ្រាន់ ច្បាស់ជាមិនអាចចាប់ផ្ដើមអាជីវកម្ម ឬមុខរបរមិនបានទេ? តើនេះជាការពិតទេ?
ចម្លើយៈ មិនប្រាកដនោះទេ ពីព្រោះបើលោកអ្នកគ្មានលុយក្នុង ការចាប់ផ្ដើមអាជីវកម្ម ក៏វាមានវិធីក្នុងការអាចចាប់ផ្ដើមអាជីវកម្មបានដែរ គ្រាន់តែអាជីវកម្មនោះស្ថិតនៅកម្រិតតូច។ លោកអ្នកត្រូវដឹងថា លុយ គឺជាប្រភពដើមទុនដ៏សំខាន់ក្នុងការចាប់ផ្ដើម ក៏ដូចជាការពង្រីកអាជីវកម្មឲ្យបានកាន់តែធំ។ ប៉ុន្តែលុយ ក៏មិនមែនជាឧបសគ្គដ៏ធំក្នុងការរារាំងលោកអ្នកមិនឲ្យចាប់ផ្ដើមបានដែរ។
តើត្រូវធ្វើដូចម្ដេចទើបចាប់ផ្ដើមអាជីវកម្មបាន ក្នុងពេលឥឡូវនេះគ្មានលុយផង? ខាងក្រោមជាវិធី៖
1-លក់សេវាកម្មលើចំណេះជំនាញដែលលោកអ្នកមាន៖ នៅត្រង់ចំណុចនេះ លោកអ្នកត្រូវដឹងថា តើអ្វីជាចំណេះជំនាញដែលលោកអ្នកកំពុងមាន? ហើយចំណេះជំនាញនោះអ្នកមានទេពកោសល្យខ្លាំងកម្រិតណា ព្រមទាំងកំពុងចង់ឲ្យរីកចម្រើនខ្លាំងលើផ្នែកនោះប៉ុណ្ណា? បន្ទាប់មកសរសេរដាក់ក្នុងសៀវភៅមួយ ហើយលោកអ្នកត្រូវគិតថា តើលោកអ្នកនឹងទាញប្រយោជន៍បានអ្វីខ្លះពីចំណេះជំនាញដែលលោកអ្នកមាននោះ?
ការទាញយកប្រយោជន៍ពីចំណេះជំនាញដែលលោកអ្នកមាននោះ គឺលោកអ្នកអាចចាប់ផ្ដើមលក់សេវាកម្ម តាមរយៈការធ្វើការឲ្យក្រុមហ៊ុនណាមួយ ឬធ្វើការបែបឯករាជ្យឲ្យក្រុមហ៊ុនច្រើនកន្លែងលើផ្នែកដែលអ្នកមាន។ ជាឧទាហរណ៍ លោកអ្នកមានចំណេះជំនាញផ្នែកទីផ្សារឌីជីថល ដូច្នេះលោកអ្នកអាចជ្រើសរើសក្រុមហ៊ុនដែលលោកអ្នកអាចលក់សេវាកម្មរបស់លោកអ្នក ដោយធ្វើការលើផ្នែកនោះឱ្យបានល្អបំផុតដើម្បីទទួលបានប្រាក់កម្រៃ ព្រមទាំងអាចធ្វើជាអ្នកធ្វើការឯករាជ្យលើផ្នែកនោះផងដែរ។
សកម្មភាពនេះ ជាការចាប់ផ្ដើមបង្កើតដើមទុនដំបូង ដោយលោកអ្នកទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍ការងារជាក់ស្ដែង ព្រមទាំងធ្វើឲ្យចំណេះជំនាញរបស់លោកអ្នកកាន់តែខ្លាំង ដែលអាចបង្ហាញជាបទពិសោធន៍ឲ្យក្រុមអតិថិជនគោលដៅរបស់លោកអ្នកកាន់តែមានទំនុកចិត្តលើលោកអ្នក នៅពេលលោកអ្នកចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។
សូមចងចាំថា ការលក់សេវាកម្មលើចំណេះជំនាញដែលលោកអ្នកមាន ជាការចាប់ផ្ដើមដ៏ល្អបំផុត។
2-សរសេរគំរូអាជីវកម្មមួយដ៏រឹងមាំសម្រាប់ខ្លួនឯង៖ គំរូអាជីវកម្ម (Business Model) គឺជាអ្វីដែលលោកអ្នកត្រូវធ្វើមុននឹងសរសេរផែនការអាជីវកម្មឲ្យមានភាពលម្អិតបាន ដោយសារតែគំរូអាជីវកម្ម វានឹងបង្ហាញថាអាជីវកម្មរបស់លោកអ្នកអាចដំណើរការទៅមុខ និងអាចបង្កើតប្រាក់ចំណេញបានឬអត់។ លោកអ្នកអាចឈ្វេងយល់បន្ថែមអំពីរបៀបសរសេរគំរូអាជីវកម្មរបស់ Canvas តាមរយៈតំណរភ្ជាប់ខាងក្រោមៈ
ហេតុអ្វីត្រូវសរសេរគំរូអាជីវកម្មដ៏រឹងមាំសម្រាប់ខ្លួនឯងជាមុនសិន? ដោយសារតែ មុននឹងអាចចាប់ផ្ដើមអាជីវកម្មមួយបានល្អ មិនមែនចេះតែនឹកឃើញចាប់ផ្ដើមឡើយ គឺទាមទារឲ្យមានគំរូមួយក្នុងការអនុវត្ត ដើម្បីវិភាគឲ្យឃើញថា អាជីវកម្មរបស់លោកអ្នកអាចមានអនាគតវែងឆ្ងាយឬទេ? ហើយមានប្រាក់ចំណេញឬអត់? បន្ទាប់មកទើបចាប់ផ្ដើមសរសេរផែនការអាជីវកម្មលម្អិតក្នុងការចាប់ផ្ដើម។ ធ្វើបែបនេះ មុនពេលចាប់ផ្ដើមជារឿងដ៏ល្អបំផុត ទោះបីជាលោកអ្នកមិនទាន់មានលុយក្នុងការចាប់ផ្ដើមក៏ពិតមែន ប៉ុន្តែគំរូអាជីវកម្មដ៏ល្អរបស់លោកអ្នក នឹងជួយបង្ហាញផ្លូវលោកអ្នកក្នុងការទទួលបានដើមទុនក្នុងការចាប់ផ្ដើមជាក់ជាមិនខាន។
3-ប្រឡូកឲ្យបានច្រើនលើគំនិតអាជីវកម្មរបស់លោកអ្នក៖ នៅពេលដែលលោកអ្នកចេះលក់សេវាកម្មលើចំណេះជំនាញរបស់លោកអ្នក និងរៀបចំការសរសេរគំរូអាជីវកម្មដ៏រឹងមាំសម្រាប់ខ្លួនឯង វាជាចំណុចចាប់ផ្ដើមដ៏ល្អមួយ។ ជំហានបន្ទាប់ លោកអ្នកត្រូវយកចំណេះជំនាញ ក៏ដូចជាគំនិតអាជីវកម្មរបស់លោកអ្នកដែលលោកអ្នកបានសរសេរចេញជាគំរូអាជីវកម្មនោះ យកមកប្រឡូកឲ្យបានច្រើននៅក្នុងទីផ្សារជាក់ស្ដែង ដើម្បីតេស្តមើលថាតើវាត្រូវមានចំណុចកែតម្រូវអ្វីទៀតទេ? ហើយត្រូវការអ្វីបន្ថែម?
ការណ៍ធ្វើបែបនេះ នឹងធ្វើឲ្យលោកអ្នកកាន់តែជឿជាក់លើខ្លួនឯង ដើម្បីចាប់ផ្ដើមលើគំនិតអាជីវកម្មរបស់លោកអ្នក ដោយលោកអ្នកមានទាំងចំណេះជំនាញច្បាស់លាស់ និងមានបទពិសោធន៍ក្នុងការប្រឡូកច្រើនទៀត។ ទាំងនេះ សុទ្ធតែជាដើមទុន និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដោយលោកអ្នកមិនមែនចាប់ផ្ដើមអាជីវកម្មតាមគេតាមឯង និងចាប់ផ្ដើមតាមតែការនឹកឃើញឡើយ ប៉ុន្តែចាប់ផ្ដើមដោយមានក្បួនខ្នាតត្រឹមត្រូវ និងមានគំរូអាជីវកម្មជាក់លាក់ ដូច្នេះនៅពេលចាប់ផ្ដើមជាផ្លូវការ ច្បាស់ណាស់មិនខ្វះទេ អ្នកចាំវិនិយោគជាមួយ និងហានិភ័យទាបបំផុតក្នុងការរកស៊ីខាត ដោយសារលោកអ្នកមានភាពជឿជាក់ និងមានមូលដ្ឋានគ្រឹះដ៏រឹងមាំរួចជាច្រើនក្នុងការចាប់ផ្ដើម ដោយអមជាមួយនឹងផែនការអាជីវកម្មច្បាស់លាស់។
4-កសាងម៉ាកយីផ្ទាល់ខ្លួនលើបណ្ដាញសង្គម៖ ត្រូវចងចាំថាការកសាងម៉ាកយីហោផ្ទាល់ខ្លួន គឺជារឿងសំខាន់ណាស់មុននឹងលោកអ្នកចាប់ផ្ដើមអាជីវកម្ម ហើយអំឡុងពេលលោកអ្នកគ្មានលុយក្នុងការចាប់ផ្ដើមទៀត ពីព្រោះវានឹងជួយលោកអ្នកបង្កើតដៃគូសហការ និងមានអតិថិជនគាំទ្រជាច្រើននៅពេលលោកអ្នកចាប់ផ្ដើមដំណើរការអាជីវកម្មជាផ្លូវការ។
ហេតុដូច្នេះ លោកអ្នកត្រូវតែបង្កើតមាតិកា និងបង្ហាញខ្លួននៅលើបណ្ដាញសង្គមឲ្យបានញឹកញាប់ ដោយផ្ដោតលើចំណេះជំនាញ ឬលើវិស័យណាមួយជាក់លាក់ដែលលោកអ្នកមានគម្រោងចាប់ផ្ដើមរកស៊ីនោះ។ ធ្វើបែបនេះ មនុស្សជាច្រើនចាប់ផ្ដើមចាត់ទុកលោកអ្នកជាអ្នកជំនាញលើវិស័យនោះ ព្រមទាំងមានទំនុកចិត្តលើលោកអ្នកកាន់តែខ្លាំង។ ម៉ាកយីហោផ្ទាល់ខ្លួនល្អ វានឹងនាំលោកអ្នកឆ្ពោះទៅកាន់ភាពរីកចម្រើនកាន់តែខ្លាំង កាន់តែដើរបានវែងឆ្ងាយ។