អគ្គនាយកដ្ឋានពន្ធដា៖ សម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែ ប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះ ពន្ធ ទាំងពីរប្រភេទនេះរហូតដល់ដំណាច់ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ ២០២៣។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) នេះគឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញ កាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និង ជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឲ្យអស់សក្តានុពល។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធលើ អចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបាន រួចរាល់ក្នុង ឆ្នាំ២០២៣។ ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណី ម្ចាស់អចលនទ្រព្យ មិនបានបំពេញ កាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើ ត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែល បានបង់រួចនោះទេ។
ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដាសូមធ្វើការទំនាក់ទំនងមកមជ្ឈមណ្ឌលពិគ្រោះយោបល់(Call Center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារGDT Live Chat៕