ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថៃ បានអញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នាវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះដែរ នាយករដ្ឋមន្ត្រីទាំងពីរក៏មានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដីនៃប្រទេសទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ថែមពីនេះថ្នាក់ដឹកនាំកំពូលទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយ អំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

ឯកឧត្តម សេដ្ឋា វីស៊ីន នាពេលរសៀល ក៏អញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់ កម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕