បន្ទាប់ពីកូរ៉េខាងជើងបណ្តេញចេញ កូនទាហានអាមេរិក Travis King ឥឡូវស្ថិតក្នុងការឃុំខ្លួននៅអាមេរិក
អាមេរិក៖ ពលបាល លោក Travis King ជាកូនទាហានសហរដ្ឋអាមេរិក ដែលបានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីខែកក្កដាកន្លងទៅ កំពុងស្ថិតក្នុងការឃុំខ្លួននៅសហរដ្ឋអាមេរិក និងបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីកូរ៉េខាងជើងបណ្តេញចេញចូលទៅក្នុងប្រទេសចិន យោងតាមសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធកន្លងទៅនេះ ។
ខណៈព័ត៌មានអំពីការទូតដែលឈានដល់ការបញ្ជូនខ្លួនរបស់ King នៅតែពុំទាន់ច្បាស់លាស់នៅឡើយ ពីព័ត៌មានវិវត្តន៍នេះ គឺជាឧទាហរណ៍ដ៏កម្រមួយនៃកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក កូរ៉េខាងជើង និងប្រទេសចិន។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ទាហានរូបនេះ ត្រូវគេរំពឹងថានឹងត្រូវបានវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញនៅពេលក្រោមមកកាលពីថ្ងៃពុធ។
កូនទាហាន King វ័យ២៣ឆ្នាំ បានរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើងពីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ខែកក្កដា ខណៈមានដំណើរកម្សាន្តរបស់ក្រុមជនស៊ីវិលទៅកាន់ព្រំដែនប្រទេសទាំង២ដែលមានការយាមកាមសន្តិសុខតឹងរ៉ឹងបំផុត និងត្រូវបានចាប់ឃុំខ្លួនភ្លាមៗនៅក្នុងប្រទេសកូរ៉េខាងជើង។
ទីក្រុងវ៉ាស៊ីនតោន ពុំបានប្រកាសថារូបគេជាឈ្លើយសឹកនោះទេ ទោះបីមានការជជែកវែកញែកដ៏ចម្រូងចម្រាសនៅក្នុងរដ្ឋាភិបាលក៏ដោយ។ ជ្រុងមួយទៀត កូរ៉េខាងជើង ទំនងជានឹងចាត់ទុកករណីរបស់កូនទាហានរូបនេះជាការធ្វើអន្តោប្រវេសន៍ខុសច្បាប់ប៉ុណ្ណោះ ។
King បានប្រាប់ទីក្រុងព្យុងយ៉ាងថា រូបគេបានចូលទៅក្នុងទឹកដីកូរ៉េខាងជើងដោយខុសច្បាប់ ព្រោះគេមិនពេញចិត្តចំពោះវិសមភាពនៅក្នុងសង្គមសហរដ្ឋអាមេរិក យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានលើកឡើង។
រដ្ឋាភិបាលស៊ុយអែត ដែលតំណាងឲ្យផលប្រយោជន៍អាមេរិកក្នុងប្រទេសកូរ៉េខាងជើង ព្រោះថាក្រុងវ៉ាស៊ីនតោនពុំមានស្ថានទូតក្នុងប្រទេសនេះ បានទទួល King នៅក្នុងទឹកដីកូរ៉េខាងជើង ទាំងមានសុខភាពល្អធម្មតា រួចនាំគេទៅកាន់ប្រទេសចិន៕