ការមើលឃើញពីពលរដ្ឋមួយចំនួន ចំពោះគម្លៀតខុសគ្នានៃគុណភាព សាលាឯកជន និងរដ្ឋ
ភ្នំពេញ៖ នាពេលថ្មីៗនេះ គេសង្កេតឃើញពីសន្ទុះអាណាព្យាបាលយកកូនឲ្យទៅទទួលការសិក្សានៅគ្រឹះស្ថានសាលាឯកជនហាក់មានការកើនឡើង ជាជាងគ្រឹះស្ថានសាលារដ្ឋ។ ទាក់ទិនករណីនេះពលរដ្ឋមួយចំនួនបញ្ចេញទស្សនៈខុសៗគ្នា ប៉ុន្តែភាគច្រើនពួកគេគាំទ្រ និងលើកទឹកចិត្តបញ្ជូនកូនទៅសិក្សានៅសាលាឯកជន ជាមួយសំអាងហេតុផលពួកគាត់ថា ការយកចិត្តទុកដាក់ជាមួយនឹងគុណភាពអប់រំមានភាពល្អប្រសើរជាងនៅសាលារដ្ឋ។
ពលរដ្ឋមួយចំនួនមានការគិតឃើញខុសៗគ្នាជុំវិញប្រព័ន្ធអប់រំនៅកម្ពុជា ក្នុងនោះពួកគេតែងប្រៀបធៀបទៅលើគុណភាពអប់រំរវាងសាលារដ្ឋ និងសាលាឯកជន។ ពលរដ្ឋទាំងនោះបានចាត់ទុកនូវបញ្ហាមួយចំនួន ដែលអាណាព្យាបាលស្ទើតែគ្រប់រូបសម្តែងក្តីបារម្ភ ទៅលើការទទួលបានការអប់រំរបស់កូនៗពួកគេ ចំពោះការយកចិត្តទុកផ្តល់នូវចំណេះដឹង វិន័យ សុជីវធម៌ ជាដើម។ ជាមួយក្តីបារម្ភដែលអាណាព្យាបាលមាននោះ ក៏ពួកគេចង់សំដៅទៅលើការសម្រេចចិត្តក្នុងការបញ្ជូនកូនទៅដាក់នៅសាលារៀននីមួយៗ?
ក្នុងនោះ អ្នកស្រី ឃុត សារ៉ុម យល់ថា បើទោះបីជាការបញ្ជូនកូនឲ្យចូលរៀនសាលាឯកជនត្រូវចំណាយថវិកាច្រើនក្នុងការទៅសិក្សាក៏ពិតមែន ប៉ុន្តែអ្នកស្រីមើលឃើញពីអត្ថប្រយោជន៍ច្រើនត្រឡប់មកវិញ។ អ្នកស្រីលើកហេតុផលជាហូរហែរថា សាលាឯកជនបានផ្តល់ទំនុកចិត្តទៅអាណាព្យាបាល ដូចជាសុវត្ថិភាព សុខភាពអនាម័យ សុជីវធម៌ ជាពិសេសគឺអាណាព្យាបាលសិស្សអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច។
អ្នកស្រី ឃុត សារ៉ុមបន្ត៖ បញ្ហាបើទីមួយអ្នកដែលមានធនធានមធ្យមហ្នឹង គេធ្វើការ ដើម្បីជៀសពីគេរវល់ គេអត់បានមើលកូនដិតដល់យកទៅផ្ញើនឹងឯកជន ហើយបើសាលារដ្ឋនិយាយទៅនៅសាលារដ្ឋការបង្រៀន ក្មេងវារៀនហើយត្រូវរៀនគួរក្មេងវាពិបាកដែរ អស់លុយអ៊ីចឹងបើសាលាឯកជនតែម្តងយើងស្រួលអស់លុយតែម្តង សាលាឯកជន មានវិន័យគេ គេដូចថាគិតដិតដល់ជាងបើកើតមានបញ្ហាអីគេផ្តល់ព័ត៌មានមកម៉ែឳដូចសាលារដ្ឋអត់មានទេ»
ក៏ប៉ុន្តែផ្ទុយពីនេះ លោក សាន មុន្នី លើកឡើងថាតាមរយៈបទពិសោធន៍ដែលលោកមានកូនរៀននៅសាលារដ្ឋផ្ទាល់ លោកសង្កេតឃើញថាមានភាពល្អប្រសើរ ដោយលោកអះអាងថាគុណភាពអប់រំ ទាំងចំណេះដឹង និងវិន័យមានភាពល្អប្រសើរ។ បន្ថែមពីនេះលោកយល់ថាដើម្បីឱ្យកុមារទទួលបាននូវការអប់រំល្អគឺទាមទារឲ្យមានការចូលរួមពីគ្រួសារ និងកត្តាកុមារខ្លួនឯងផ្ទាល់ មិនមែនផ្តោតសំខាន់ទៅលើតែការអប់រំនៅសាលាទេ។
លោក សាន មុន្នីបន្ត ៖«មិនមែនមានន័យថាគ្រូបង្រៀនប្រឹងប្រែងបង្រៀន តែបើវាអត់ស្តាប់ក៏អត់កើត ពេលខ្លះវាមានសម្ពាធដែរថាភាគច្រើនដែលខ្ញុំសម្លឺងឃើញកូនសិស្សរៀនគឺអត់សូវមានសណ្តាប់ធ្នាប់ទេ អ៊ីចឹងការដែលរៀនហ្នឹងអ្នកដែលរៀនក៏ពិបាករៀនដែរ អ៊ីចឹងទៅបន្ទោសថាទាល់តែយកកូនទៅសាលាឯកជនចុះសួរថាមានមនុស្សប៉ុន្មាននាក់ ក្រុមគ្រួសារប៉ុន្មាននាក់មានលទ្ធភាពឲ្យទៅរៀនសាលាឯកជន ?»
មិនខុសគ្នាទៅនឹងអ្នកស្រី ឃុត សារ៉ុម ទេ លោក មុន្នី ហាក់មានការគាំទ្រក្នុងការបញ្ជូនកូនទៅសិក្សានៅសាលាឯកជន ព្រោះលោកមើលឃើញថា នៅសាលាឯកផ្តល់ការអប់រំ សុជីវធម៌ ការយកចិត្តទុកដាក់ច្រើនដល់សិស្សានុសិស្ស។ តាមរយៈការសង្កេតរបស់លោក លោកឃើញថាសិស្សដែលរៀននៅសាលាឯកជនមានចំណេះដឹងទូលំទូលាយជាងសិស្សសាលារដ្ឋ ជាពិសេសចំណេះដឹងទៅលើភាសា។
លោក មុន្នី៖«សាលាឯកជនគេល្អជាងន៎ បើតាមដឹងអាណាព្យាបាលគេមិនសូវរវល់ផងមិនសូវចំណាយពេលតាមដានកូនច្រើន បើយើងនៅឯណោះ(សាលារដ្ឋ)មិនសូវមានទំនាក់ទំនងគ្រូជាមួយឳម៉ែអីច្រើនទេបើដូចខ្ញុំអីខ្ញុំចេះតែតាមទៅមើលពួកកូនៗ»
ទន្ទឹមនឹងការណ៍ដែលអាណាព្យាបាលមួយចំនួនងាកមកបញ្ជូនកូនឲ្យទៅរៀននៅសាលាឯកជន ក្រសួងអប់រំក៏បានធ្វើការកែតម្រូវ និងធ្វើការពង្រឹងឡើងវិញនូវគុណភាពអប់រំនៅសាលារៀនរដ្ឋ ដោយក្រសួងបានដាក់ការអនុវត្តសាកល្បង បង្កើតកម្មវិធីសាលាជំនាន់ថ្មី ដែលផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីជំរុញឱ្យមានអ្នកជំនាញខាងវិទ្យាសាស្ត្រ តាំងពីឆ្នាំ ២០១៥ មក ជាសំណូមពររបស់អាណាព្យាបាលមួយចំនួនធំសូមឲ្យបើកទូលាយតាមទីតាំងសាលារដ្ឋនៅជាយក្រុងផង បើសិនជាអាចពេញទីក្រុង និងតាមបណ្តាខេត្តនានា ព្រោះមើលឃើញប្រព័ន្ធអប់រំនេះល្អ៕