វិធានការជួយសង្គ្រោះរបស់ IMF ស្រីលង្កាមិនអាចធានាបាននូវការវាយតម្លៃដំបូងឡើយ
បរទេស៖ កាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា បុគ្គលិករបស់ខ្លួនមិនបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយប្រទេសស្រីលង្កា ក្នុងការវាយតម្លៃលើកដំបូងរបស់ខ្លួន ក្រោមកញ្ចប់ថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារ ដោយសារកង្វះខាតសក្តានុពល ក្នុងការបង្កើតប្រាក់ចំណូលរបស់រដ្ឋាភិបាល។
«ប្រទេសស្រីលង្កាបានធ្វើឲ្យមានការវិវឌ្ឍគួរឲ្យស្ងើចសរសើរ ក្នុងការអនុវត្តកំណែទម្រង់ដ៏លំបាកនេះ ប៉ុន្តែនៅត្រូវការច្រើនទៀត។ កិច្ចប្រឹងប្រែងទាំងនេះកំពុងទទួលបានផ្លែផ្កា ដោយសារសេដ្ឋកិច្ចកំពុងបង្ហាញឲ្យឃើញនូវសញ្ញាបណ្តោះអាសន្ននៃការមានស្ថិរភាព» នៅក្នុងសេចក្តីថ្លែងការណ៍ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ២សប្តាហ៍ទៅកាន់ប្រទេសកោះ ដែលមានបញ្ហាហិរញ្ញវត្ថុ នៅតំបន់អាស៊ីខាងត្បូងមួយនេះ គណៈប្រតិភូរបស់ IMF បានឲ្យដឹង។
ទោះជាយ៉ាងណាក្ដី មូលនិធិផ្តល់ប្រាក់កម្ចីសកលមួយនេះ បាននិយាយថា ប្រទេសស្រីលង្កានឹងត្រូវពង្រឹងការគ្រប់គ្រងពន្ធ ដកចេញការលើកលែងពន្ធ និងលុបបំបាត់ការគេចពន្ធយ៉ាងខ្លាំងក្លា ដើម្បីបង្កើនប្រាក់ចំណូល និងបង្ហាញឲ្យឃើញអំពីអភិបាលកិច្ចកាន់តែប្រសើរឡើង៕