អ៊ីរ៉ង់៖ បន្តសកម្មភាពនុយក្លេអ៊ែរសន្តិភាព ខណៈមានទណ្ឌកម្មក៏ដោយ
អ៊ីរ៉ង់៖ បើទោះជាមានការដាក់ទណ្ឌកម្មដ៏ឃោរឃៅជាឯកតោភាគីក៏ដោយ ប្រទេសនេះនឹងបន្តសកម្មភាព “សន្តិភាព” ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនអ៊ីរ៉ង់ នេះយោងតាមប្រមុខបរមាណូរបស់អ៊ីរ៉ង់បានឲ្យដឹងថា។
លោក Mohammad Eslami ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានធ្វើការកត់សម្គាល់នៅពេលថ្លែង សុន្ទរកថានៅក្នុងសន្និសីទ ទូទៅលើកទី៦៧ នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅរដ្ឋធានីវីយែនរបស់អូទ្រីស នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាននិស្សិតអ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់ នឹងបន្តការរចនាដោយសន្តិវិធី និងការអភិវឌ្ឍន៍ម៉ាស៊ីន រ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរ ឧបករណ៍បង្កើនល្បឿន និងប្រព័ន្ធវិទ្យុសកម្ម តាមការគ្រោងទុក ហើយប្តេជ្ញាបង្កើនការផលិត ថាមពលនុយក្លេអ៊ែរ របស់ខ្លួនដល់ ២០០០០មេហ្គាវ៉ាត់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៤០ យោងតាមលោក Mohammad បានលើកឡើង។
លោកបានបន្ដថា អ៊ីរ៉ង់នៅតែប្តេជ្ញាចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងការពារ ដែលអ៊ីរ៉ង់បានឈានដល់ជាមួយ IAEA និងសន្ធិសញ្ញាមិនរីកសាយភាយ ហើយបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យទីភ្នាក់ងារនេះងាយ ស្រួលអនុវត្តសកម្មភាពផ្ទៀង ផ្ទាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេស។
ហេតុនេះ លោកបានបន្ថែមថា ទីក្រុងតេអេរ៉ង់ រំពឹងយ៉ាង មុតមាំថា IAEA នឹងរក្សាអព្យាក្រឹតភាព និងវិជ្ជាជីវៈនៅក្នុង របាយការណ៍ផ្ទៀង ផ្ទាត់របស់ខ្លួន ស្តីពីសកម្មភាពរបស់អ៊ីរ៉ង់ ដោយប្រកាន់យកនូវ វិធីសាស្រ្តជាក់ស្តែងក្នុងរឿងនេះ និងបិទសំណុំរឿង ដែលទាក់ទងនឹងភាពខុសគ្នា មួយចំនួនរវាងភាគីទាំងពីរ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់ មួយចំនួនលើកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹង ការដកទណ្ឌកម្មលើប្រទេសនេះ។
បើទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួនឡើងវិញ លើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ចោល ការសន្យានុយក្លេអ៊ែរមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងនេះ ៕