កម្ពុជា៖ ទទូចឱ្យមានសកម្មភាពសកល ដើម្បីពិភពលោក គ្មានអាវុធនុយក្លេអ៊ែរ

ភ្នំពេញ៖ នាបូរីញូវយ៉ក លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង “កិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធនិងលើកកម្ពស់ទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ” កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។

លោក អ៊ុច បូររិទ្ធ នៅក្នុងសុន្ទរកថា បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ ចំពោះគ្រប់ប្រជាជាតិទាំងអស់ រួមទាំងក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការលុបបំបាត់សព្វាវុធ ការមិនរីក សាយភាពសញ្វវុធ និង ”សន្និសញ្ញាស្តីពី ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ”។ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា “ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺ ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ “។

ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពកម្ពុជា រួមជាមួយនឹងសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត “សន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ” និងផែនការសកម្មភាពរបស់សន្និសញ្ញានេះ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបាននូវការលុបបំបាត់សញ្វវុធ និងការមិនរីកសាយភាពសញ្វវុធ ប្រទេសកម្ពុជាលើកទឹកចិត្តជាខ្លាំងចំពោះ ក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមគាំទ្រកិច្ចខិតខំប្រឹង ប្រែងរបស់អាស៊ាន ដោយធ្វើការចុះហត្ថលេខាលើ “ពិធីសារនៃសន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ”។
លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះឯកសារគោលនយោបាយរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិស្តីពី “របៀបវារៈថ្មីសម្រាប់សន្តិភាព” ដែលបានចេញផ្សាយ កាលពីខែកក្កដា ឆ្នាំ២០២៣។

ឯកសារនេះ ត្រួសត្រាយផ្លូវសម្រាប់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងកិច្ចការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ៕