រដ្ឋមន្ដ្រីធម្មការ៖ ករណីអ្នកល្មើសគោលការណ៍សាសនា មានវិធានការផ្លូវច្បាប់តឹងរ៉ឹង

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានប្រកាសឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហការចាត់វិធានការ តាមផ្លូវច្បាប់តឹងរ៉ឹងបំផុត ករណីរកឃើញអ្នកល្មើសគោលការណ៍ប្រណិបតន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នេះបើយោងទៅតាមសារាចរណែនាំរបស់ក្រសួងធម្មការ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញ។

ការប្រកាសរបស់រដ្ឋមន្ដ្រីបែបនេះ ធ្វើឡើងក្រោយក្រសួងធម្មការ និងសាសនា ពិនិត្យឃើញថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មានបុគ្គលមួយចំនួនបានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា។

ក្រៅពីនេះ ឯកឧត្តម ចាយ បូរិន បន្ថែមថា បានធ្វើឱ្យប៉ះពាល់ដល់របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម និងប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាព ឃោសនា ផ្សព្វផ្សាយ ដែលមានចរិកលើកទឹកចិត្តឱ្យមានអំពើហិង្សា ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរជាដើម។

យ៉ាងណាដើម្បីបង្ការពីបញ្ហាដែលក្រសួងបានពិនិត្យឃើញ ក្រសួងណែនាំ ដោយហាមដាច់ខាតយកត្រៃយ៍ចីវរទៅស្លៀកតាមទំនើងចិត្ត និងលួចយកបូជនីយវត្ថុដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា។ បន្ថែមលើនេះ ក្រសួងក៏ហាមយកព្រះពុទ្ធសាសនាមកធ្វើអាជីវកម្ម  ហាមយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាទៅធ្វើការបំភាន់ ឬបោកប្រាសមហាជន ក្នុងគោលបំណងបម្រើប្រយោជន៍បុគ្គល និងប៉ះពាល់សង្គម។ ចំណែករឿងយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉េប ជេរម្រមាថ ក៏ត្រូវបានហាមពីក្រសួងផងដែរ៕