មេដឹកនាំចិន កូរ៉េខាងត្បូង និងជប៉ុន៖ បើកកិច្ចប្រជុំកំពូលលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក
បរទេស៖ ប្រទេសចិន បានព្រមព្រៀងជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបើកកិច្ចប្រជុំកំពូល រវាងមេដឹកនាំប្រទេសទាំងបីខណៈអាចធ្វើទៅបាន បន្ទាប់ពីជំនួបដ៏កម្ររវាងអ្នកការទូតជាន់ខ្ពស់ នៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារកន្លងមក។
កិច្ចពិភាក្សាបីភាគី ដែលត្រូវបានចូលរួមដោយអនុរដ្ឋមន្ត្រី និងឧបការីរដ្ឋមន្ត្រីមកពីប្រទេសទាំងបី ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយក្តីបារម្ភរបស់ទីក្រុងប៉េកាំងជុំវិញទំនាក់ទំនងសន្តិសុខស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។ ទីក្រុងប៉េកាំង បានចាត់ទុកវាថាជាកិច្ចពិភាក្សាស៊ីជម្រៅ លើការជំរុញស្ថិរភាពដោយការចាប់ផ្តើមជាថ្មីកិច្ចសហប្រតិបត្តិការ។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា វាត្រូវបានយល់ស្របថាការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងផលប្រយោជន៍រួមរបស់ភាគីទាំងបី។
លោក Wang និយាយថា ប្រទេសទាំងបី បានព្រមព្រៀងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងជំរុញការបើកកិច្ចប្រជុំមេដឹកនាំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលវេលាសមស្របណាមួយ ដល់ប្រទេសទាំងបី។ កិច្ចប្រជុំកំពូលបែបនេះចុងក្រោយ បានកើតឡើងនៅក្នុងឆ្នាំ២០១៩។
លោក Park Jin រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបីមានតួនាទីយ៉ាងសំខាន់មិនត្រឹមតែនៅក្នុងអាស៊ីឦសានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងសន្តិភាព ស្ថិរភាព វិបុលភាពរបស់ពិភពលោកផងដែរ។