ផ្ទុះឆេះនៅស្ថានីយប្រេងឥន្ធនៈនៅតំបន់ការ៉ាបាក់ មនុស្សរាប់សិបនាក់ស្លាប់ និង១០៥នាក់បាត់ខ្លួន
អាស៊ែបៃហ្សង់៖ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះនិងភ្លើងឆេះស្ថានីយប្រេងឥន្ធនៈនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) បានកើនឡើងដល់ ៦៨នាក់ ហើយមនុស្សចំនួន១០៥ នាក់ទៀត បានបាត់ខ្លួន និងជិត ៣០០នាក់ បានរងរបួស បើតាមការិយាល័យនៃមន្ត្រីទទួលពាក្យបណ្តឹងរបស់ពលរដ្ឋនៅតំបន់ការ៉ាបាក់ បាននិយាយកាលពីថ្ងៃអង្គារកន្លងទៅនេះ ។
ការផ្ទុះនេះ បានកើតឡើង នៅពេលដែលជនជាតិអាមេនីរាប់ពាន់នាក់ បានភៀសខ្លួនចេញពីតំបន់បែងចែកនេះ បន្ទាប់ពីយុទ្ធជនរបស់ពួកគេ ត្រូវបានកម្ចាត់ដោយអាស៊ែបៃហ្សង់ នៅក្នុងប្រតិបត្តិការយោធាផ្លេកបន្ទោរមួយ។ អាជ្ញាធរពុំបានផ្តល់ការពន្យល់ណាមួយអំពីមូលហេតុនៃការផ្ទុះនេះទេ។
មុននេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលអាមេនី ដោយនិយាយថា ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុកាលពីថ្ងៃចន្ទ បានកើនឡើងដល់១២៥នាក់ហើយ៕