បំផ្ទុះបំពង់បង្ហូរឧស្ម័នមួយ រុស្ស៊ីដាក់បន្ទុកសហរដ្ឋអាមេរិក ដោយសំអាងពីភ័ស្តុតាងលេចឡើង
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមមហាសមុទ្របាល់ទិក ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការវាយប្រហារនេះ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញាកន្លងទៅ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា «ភស្តុតាងដែលលេចឡើង» បានបង្ហាញថា សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវចំពោះករណីនេះ បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សា។
ជាការឆ្លើយតប អ្នកសម្របសម្រួលផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក លោក John Kelley បាននិយាយថា «រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា ខ្លួនស្វះស្វែងស៊ើបអង្កេតដោយមិនលំអៀង បើទោះបីជាខ្លួនព្យាយាមទម្លាក់កំហុសដោយគ្មានមូលដ្ឋានគ្រិះច្បាស់លាស់ ទៅលើប្រទេសមួយចំនួនក៏ដោយ។ នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលរុស្ស៊ីជ្រើសរើសការផ្សព្វផ្សាយមិនពិតនៅក្នុងក្រុមប្រឹក្សានេះ ដោយរួមបញ្ចូលជាមួយនឹងការសន្និដ្ឋាន ដែលបានកំណត់ទុកជាមុនរបស់ខ្លួន ខណៈច្រានចោលទស្សនៈយល់ឃើញផ្សេងៗទៀត»។
រយៈពេលមួយឆ្នាំក្រោយពីការផ្ទុះ ដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមសមុទ្របាល់ទិករវាងរុស្ស៊ី និងអាល្លឺម៉ង់ សំណួរថាតើអ្នកណាជាអ្នកនៅពីក្រោយបញ្ហានោះ? តែយ៉ាងណា នៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ៕