ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃជាថ្នាក់ដឹកនាំដំបូងបំផុតមកកម្ពុជា ក្នុងចំណោមថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានក្រោយកម្ពុជាបោះឆ្នោតរួច
ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដំណើរទស្សនកិច្ចនេះ គឺជាថ្នាក់ដឹកនាំដំបូង បំផុតដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយកម្ពុជាធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិ កាលទី៧ កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ។
តបតាមការអញ្ជើញរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកសេដ្ឋា ថាវិស៊ីន នឹងមកកម្ពុជានាថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ ដោយដំណើរទស្សនកិច្ចនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើបន្ថែមទៀតលើគ្រប់វិស័យ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងទៀតថា ក្នុងអំឡុងដំណើរទស្សន កិច្ចរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន ឯកឧត្តមនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងសម្តេចប្រធានរដ្ឋសភាជាដើម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលបានបញ្ជាក់ផងដែរថា កិច្ចជំនួប ទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ គឺក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឲ្យកាន់តែ ស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ ប្តូរទស្សនៈកិច្ចស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួមផងដែរ។
បន្ថែមពីនេះថ្នាក់ដឹកនាំទាំងពីរ នឹងធ្វើការប្រគល់-ទទួលនូវ«មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅទីក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ដំណើរ ទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីថៃ មកកម្ពជានេះក៏នឹងពង្រឹងបន្ថែមទៀតផងដែរ នូវចំ ណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាម ស្មារតី«ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃព្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិផងដែរ៕