សមុទ្រចិនខាងត្បូង៖ ចិនជំរុញហ្វីលីពីនកុំឲ្យបង្កើតបញ្ហា

ចិន៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះ ថា ប្រទេសចិនការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់កោះ Huangyan។

គួររំលឹកថា ឆ្មាំល្បាតសមុទ្ររបស់ហ្វីលីពីន បាននិយាយថា ខ្លួនបានដក «របាំងបណ្តែតទឹក» ដែលដាក់ដោយប្រទេសចិន នៅក្នុងដែនទឹកជាប់គ្នានៃកោះ Huangyan។

ថ្លែងនៅឯសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ លោក Wang បានសង្កត់ធ្ងន់ថា ប្រទេសហ្វីលីពីនត្រូវបានប្រាប់កុំឲ្យបង្កើតបញ្ហានានាឲ្យសោះ។

លោកបានលើកឡើងថា៖ «អ្វីដែលគេហៅថា សេចក្តីថ្លែងការណ៍ ធ្វើឡើងដោយភាគីហ្វីលីពីន គឺគ្មានអ្វីក្រៅពីការចោទប្រកាន់របស់ខ្លួននោះឡើយ។ ប្រទេសចិនរក្សាយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងសិទ្ធិ ព្រមទាំងផលប្រយោជន៍ដែនសមុទ្ររបស់កោះ Huangyan ហើយយើងសូមប្រាប់ហ្វីលីពីនកុំឲ្យបង្កការញុះញង់ និងបង្កើតបញ្ហាឲ្យសោះ»។

អ្នកនាំពាក្យរូបនេះ បានចង្អុលបង្ហាញ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា កោះ Huangyan គឺជាទឹកដីកំណើតរបស់ប្រទេសចិន ហើយប្រទេសចិនមានអធិបតេយ្យភាពលើកោះនេះ និងដែនទឹកជាប់នឹងកោះនេះ ហើយនិងមានសិទ្ធិគ្រប់គ្រង និងយុត្តាធិការលើដែនទឹកដែលពាក់ព័ន្ធទាំងអស់៕