ក្រសួងការងារ៖ ស្វាគមន៍សំណើបណ្តុះបណ្តាលបុគ្គលិក ខណៈដែលជំរុញឱ្យអនុវត្តរបបសន្តិសុខសង្គម១០០%

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានស្វាគមន៍ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពសហគ្រិនដល់បុគ្គលិករបស់ក្រុមហ៊ុនឯកជនដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ។

កាលពីរសៀលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូ  ដោយឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងករណីដែលក្រុមហ៊ុនត្រូវការជំនាញបណ្តុះបណ្តាលផ្សេង សមាគមអាចលើកជាសំណើមកកាន់ក្រសួង ដើម្បីរៀបចំការបណ្តុះបណ្តាល។ មួយវិញទៀត ក្រសួង ក៏នឹងផ្តល់ទីតាំងសម្រាប់បណ្តុះបណ្តាលជូនសមាគមភស្តុភារកម្មដោយឥតគិតថ្លៃ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការបណ្តុះបណ្តាល។

ជាការឆ្លើយតប លោកប្រធានសមាគម និងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះការផ្តល់វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃចំពោះបុគ្គលិកគ្រប់កម្រិត។ សម្រាប់ប្រធានសមាគម ការបណ្តុះបណ្តាលនេះ មានសារសំខាន់ក្នុងការពង្រឹងផលិតភាពការងារ និងស្ថាប័នដើម្បីអាចត្រៀមខ្លួនក្នុងការប្រកួតប្រជែង។

យ៉ាងណាក៏ដោយមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសមាគម ណែនាំដល់ក្រុមហ៊ុនដែលជាសមាជិករបស់ខ្លួនឱ្យបន្តអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលិកឱ្យបាន១០០% ដើម្បីផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕