លោក Yoon Suk Yeol ព្រមានលោកគីម ជុងអ៊ុនថា របបរបស់លោក នឹងត្រូវបញ្ចប់ បើសិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះ

កូរ៉េខាងត្បូង ៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានព្រមានកូរ៉េខាងជើងថា របបរបស់ខ្លួន នឹងត្រូវបញ្ចប់ដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ប្រសិនបើប្រទេសនេះ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសុន្ទរកថាមួយប្រារព្ធខួបលើកទី៧៥នៃការបង្កើតយោធារបស់ប្រទេសនេះ។

លោកYoon បានសម្តែងការអប់អរដល់សម្ព័ន្ធភាពយូរអង្វែងជាមួយសហរដ្ឋអាមេរិក ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ និងកិច្ចព្រមព្រៀង ដែលលោកបានឈានជាមួយប្រធានាធិបតី លោក ចូ បៃដិន ដើម្បីពង្រឹងការពិគ្រោះយោបល់អំពីការដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍របស់អាមេរិកទៅកាន់តំបន់នេះ ដើម្បីរារាំងលោក គីម ជុងអ៊ុន ពីការព្យាយាមធ្វើការវាយប្រហារ។

លោក Yoon បាននិយាយកាលពីថ្ងៃចន្ទ ដោយសំដៅដល់ប្រទេសរបស់គាត់តាមឈ្មោះផ្លូវការរបស់ខ្លួនថា ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ របបរបស់ខ្លួននឹងត្រូវបញ្ចប់ដោយការឆ្លើយតបដ៏លើសលប់ពីសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក។ លោកក៏បានថ្កោលទោសទីក្រុងព្យុងយ៉ាងចំពោះការស្វែងរកអាវុធបរមាណូ ដោយនិយាយថា ប្រជាជនរបស់ខ្លួន កំពុងទទួលរងផលវិបាកដោយសារទង្វើនេះ។លោក បាននិយាយទៀតថា៖«ការឈ្លក់វង្វេងរបស់របបកូរ៉េខាងជើងចំពោះការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ធ្វើឲ្យប្រជាជនកូរ៉េខាងជើង កាន់តែឈឺចាប់»។ «របបកូរ៉េខាងជើង ត្រូវតែដឹងច្បាស់ថា អាវុធនុយក្លេអ៊ែរ នឹងមិនអាចធានាសន្តិសុខរបស់ខ្លួនបានឡើយ»។