គួររៀនជំនាញ«ចិត្តវិទ្យា» បើចង់ក្លាយអ្នកប្រឹក្សាចិត្តសាស្រ្ត និងអ្នកស្រាវជ្រាវ

មុខ​វិជ្ជាចិត្តវិទ្យា ជាជំនាញមួយបែបយ៉ាងពិសេស ក្នុងចំណោមមុខវិជ្ជាជាច្រើន ​ ដែលសិស្សនិស្សិតមិនគួរមើលរំលង ដែល​វា​មិនត្រឹមតែជាជំនាញទន់សម្រាប់អ្នកសិក្សាទាំងឡាយទេ តែ​ថែមទាំងសំខាន់សម្រាប់សង្គមជាតិផងដែរ។

ថ្វីត្បិតថាមនុស្សភាគច្រើនមិនទាន់មានការយល់ដឹងច្រើនពីនិយមន័យនៃចិត្តវិទ្យា ដែលជាហេតុធ្វើឲ្យមានការយល់ច្រ​ឡំថា មុខវិជ្ជាចិត្តវិទ្យាពេលដែលរៀនចប់ គឺធ្វើអ្នកព្យាបាលមនុស្សមានសតិមិនល្អ ឬបែបនេះបែបនោះ តាមតែការនឹកឃើ​ញ ឬយល់ឃើញ។

តាមពិតទៅ ជំនាញចិត្តវិទ្យានេះ គឺទូលំទូលាយណាស់ ដែលជំនាញនេះសិក្សាពីបាតុភូតចិត្តមនុស្ស ដូច្នេះសម្រាប់អ្នកដែលសិក្សាជំនាញនេះ គឺអាចស្វែងយល់ចិត្តខ្លួនឯង និងអ្នកដទៃបាន ដែលជាទុនសម្រាប់ដោះស្រាយប​ញ្ហានានា ដែលកើតមានឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នេះបើតាមការយល់ឃើញ​របស់ កញ្ញា ឆន សុវត្តី ជានិ​ស្សិតឆ្នាំទី៣ សិក្សាជំនាញចិត្តវិទ្យានៃតេប៉ាតឺម៉ងចិត្តវិទ្យា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កញ្ញាបានឲ្យដឹងថា ៖ «មុខវិទ្យានេះគឺល្អមែនទែន ដោយសារតែជំនាញនេះសិក្សាពីបាតុភូតុផ្លូវចិត្តរបស់មនុស្ស ហេតុនេះអ្នកសិក្សាគាត់អាចស្វែងយល់ពីខ្លួនឯងផង និងពីអ្នកដទៃផង។​ សិក្សាជំនាញនេះ រូបគេអាចប្រើប្រាស់សមត្ថភាពស្វែ​ងយល់ខ្លះៗពីជំងឺផ្លូវចិត្តនានា ដែលសង្គមខ្មែរមិនទាន់បានបើកចំហពេញលេញនៅឡើយក្នុងការនិយាយពីវា និងទ​ទួលសេវាកម្មព្យាបាលទេ»។

កញ្ញាបានប្រាប់មូលហេតុ ដែលខ្លួនសម្រេចចិត្តរៀនជំនាញនេះដោយសារតែចិត្តស្រលាញ់ និងចាប់អារម្មណ៍ចំ​ពោះមុខវិជ្ជាមួយនេះ ព្រោះកាលពីមុនគិតថារៀននៅសាកលវិទ្យាល័យពេលរៀនចប់នឹងធ្វើគ្រូ តែតាមពិតក្រោយពីបា​នរៀនសូត្រជំនាញនេះ ទើបរូបគេដឹងថាវាពិតជាមានឱកាសការងារច្រើនមែនទែននៅក្នុងសង្គម។

កញ្ញាថា ក្រោយរៀនចប់ អាចក្លាយជាអ្នកប្រឹក្សាចិត្តសាស្រ្តនៅតាមសាលារៀន គ្លីនិក អាចធ្វើជាគ្រូបង្រៀន ជាពិសេស​ គឺអាចធ្វើជាអ្នកស្រាវជ្រាវ ជាបុគ្គលិកនៅក្នុងអង្គការនានា ឬប្រឡងចូលក្របខណ្ឌក្រសួងកិច្ចការនារី ជាដើម។ ជំនាញចិត្តវិទ្យាគឺពិតជាត្រូវការចាំបាច់ ក្នុងការប្រើប្រាស់នៅក្នុងសង្គមតាមរយៈការងារគ្រប់វិស័យ សូម្បី​តែការរស់នៅប្រចាំថ្ងៃជាដើម ហើយបើនិយាយឲ្យចំគឺមានទីផ្សារការងារច្រើន នេះបើតាមការមើលឃើញជាក់ស្ដែង និងតាមការដឹងពីលោកគ្រូ អ្នកគ្រូ និងសិស្សច្បងនានា។

និស្សិតរូបនេះក៏បានបន្ថែមទៀតថា តាមពិតទៅសង្គមខ្មែរភាគច្រើនតែងគិតថាជំងឺផ្លូវចិត្តនេះគឺជាជំងឺឆ្កួត ដែលជាហេតុប​ណ្ដាលឲ្យអ្នកដែលប្រទះ និងជំងឺនេះមិនហ៊ានមកទទួលការព្យាបាលជាមួយអ្នកជំនាញ ម្យ៉ាងការលើកកម្ពស់សុខភា​ព​ផ្លូវចិត្តនៅក្នុងបរិបទស្រុកខ្មែរ គឺជាពិតជាសំខាន់ណាស់ ហើយពិតជាត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋាន។

រីឯនិស្សិត សុខ ស្រីពៅ ជានិស្សិតទី៣ សិក្សាជំនាញចិត្តវិទ្យា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើ​ងមិនខុសគ្នានិងនិស្សិតខាងលើទេ។ តាមការលើកឡើងរបស់និស្សិតរូបនេះ យល់ឃើញថា ជំនាញចិត្តវិទ្យាគឺមិនត្រឹ​ម​តែផ្ដល់ជាប្រយោជន៍ដល់សង្គមទេ ថែមទាំងផ្ដល់ការគិត ការយល់ឃើញបែបទូលំទូលាយក្នុងការដោះស្រាយបញ្ហាក្នុងគ្រួសារ និងចំពោះខ្លួនឯងផងដែរ។

កញ្ញា ស្រីពៅ បានប្រាប់ថា ៖ «ដោយសារតែរូបគេចូលចិត្តលើកទឹកចិត្តអ្នកដទៃ ចង់ជួយដោះស្រាយបញ្ហាដែលអ្នកជុំ​វិញខ្លួនប្រទះ ហើយណាមួយដោយសារតែចិត្តស្រលាញ់ជំនាញនេះផងនោះ ទើបធ្វើឱ្យរូបគេជ្រើសរើសយកជំនា​ញ​នេះតែម្ដង។ ជាងនេះទៅទៀត ជំនាញនេះគឺមានទីផ្សារការងារធំទូលាយ ទាំងក្នុងវិស័យអប់រំ វិស័យសុខាភិបាល និ​ងក្នុងស្ថាប័នដទៃទៀតសុទ្ធតែត្រូវការអ្នកចិត្តវិទ្យាមកធ្វើការជាមួយគ្នា»។

កញ្ញាក៏បានលើកឡើងដែរថា បើក្នុងសង្គមមិនមានជំនាញចិត្តវិទ្យា ឬអ្នកចិត្តវិទ្យាទេនឹងជួបបញ្ហាប្រឈមច្រើនក្នុងកា​រទំនាក់ទំនង ការមិនយល់ចិត្តគ្នា ការប្រឈមនិងការរស់នៅប្រចាំថ្ងៃ បញ្ហាផ្លូវចិត្តនឹងកើនឡើង ជាអត្រាអ្នកមានវិបត្តិផ្លូវចិត្តកើនឡើងអាចឈានដល់ការធ្វើអត្តឃាតជាដើម។

ចំនែកលោក សុខ បញ្ញាបុត្រ ជានិស្សិតឆ្នាំទី៣ម្នាក់ សិក្សាជំនាញចិត្តវិទ្យា យល់ឃើញថាមុខវិជ្ជាមួយនេះជាមុខវិជ្ជាដ៏ល្អផ្ដោតលើការគិត និងពុទ្ធិផ្សេងៗជាដើម។ មូលហេតុដែលជ្រើសរើសចិត្តវិទ្យា ដោយសារតែស្រលាញ់ពេញចិត្ត និងគិតថាសំខាន់សម្រាប់រូបគេក្នុងការងារប្រចាំថ្ងៃ ពិសេសគឺក្នុងវិស័យអប់រំ។ តួយ៉ាងរូបលោកជាគ្រូបង្រៀនមួយរូបស្រាប់ ដូច្នេះវាពិតជាសំខាន់ក្នុងការបង្រៀនសិស្ស។

លោកបន្តថា ដោយសារតែចំនួនអ្នកសិក្សាជំនាញនេះនៅមានចំនួនតិចតួចនៅឡើយ ស្របពេលដែលតម្រូវការក្នុងសង្គមច្រើន ដូច្នេះទីផ្សារការងារពិតជាត្រូវការចាំបាច់ និងទូលំទូលាយមែនទែន ពិសេសគឺសម្រាប់ផ្នែកអប់រំតែម្ដង។

មិនខុសពីនិស្សិតទាំងបីខាងលើ កញ្ញា ដេត ម៉ានី ដែលជានិស្សិតជំនាញចិត្តវិទ្យា ឆ្នាំទី៣ ក៏យល់ឃើញស្រដៀងនិងគ្នាដែរ ដោយកញ្ញាលើកឡើងថា ជំនាញចិត្តវិទ្យាគឺជាការសិក្សាពីបាតុភូតចិត្ត អាកប្បកិរិយា ឥរិយាបទរបស់មនុស្ស ដែ​លអាចឱ្យយើងដឹងពីលក្ខណៈពិសេសរបស់មនុស្ស ការចុះសម្រុងគ្នាក្នុងមជ្ឈដ្ឋានផ្សេងៗ។

មែនទែនទៅ មានមនុស្សជាច្រើនតែងចោទជាសំណួរថា តើរៀបចប់ជំនាញចិត្តវិទ្យាធ្វើអ្វី? តាមពិតអ្នកទាំងនោះ   បា​ន​មើលរំលងថាជំនាញនេះអាចប្រើការក្នុងវិស័យណាខ្លះ? ដូច្នេះតាមការយល់ឃើញរបស់និស្សិតខាងលើនេះ ថាជំនាញចិត្តវិ​ទ្យាដូចជាជំនាញទន់មួយដូច្នេះដែរ។ ពោលអ្នកសិក្សាទំាងឡាយសុទ្ធតែអាចយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ មា​នភាពជាអ្នកដឹកនាំក្នុងខ្លួន មានបំ​ណិនក្នុងការដោះស្រាយបញ្ហា ជំនាញក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ ដឹងពីរបៀបគ្រប់គ្រងអារ​ម្មណ៍ពេលជួបបញ្ហាជាដើម។ នេះបើតាមការបន្ថែមពី កញ្ញា ដេត ម៉ានី។

និស្សិតរូបនេះលើកបន្តថា ៖ «បញ្ហាផ្លូវចិត្តពិតជាសំខាន់ បើអ្នកមានសុខភាពផ្លូវកាយល្អតែអ្នកកំពុងតែទូលវិបត្តិផ្លូវចិត្ត នោះការរស់នៅរបស់អ្នកពិតណាស់ថាគ្មានសេចក្ដីសុខទេ។ ដូច្នេះ ការយល់ដឹងពីចិត្តវិទ្យា និងបញ្ហាផ្លូវចិត្ត ពិតជាមានសារៈសំខាន់ដែលគ្រប់គ្នាគួរចាប់អារម្មណ៍ និងឲ្យតម្លៃជំនាញនេះ»​៕