គួរទិញផ្ទះបង់រំលស់ថេរ ឬបង់រំលស់ថយចុះ
នាពេលបច្ចុប្បន្ននេះយើងឃើញកំណើតនៃការចូលមករស់នៅទៅក្រុងកាន់តែច្រើន ហើយក្នុងនោះមានគ្រួសារមួយចំនួនគាត់ធ្វើការសម្រេចចិត្តទិញផ្ទះរំលស់។ ការបង់រំលស់លើការទិញផ្ទះវាមិនខុសទេឲ្យយើងយល់ពីវិធីចាត់ចែងហិរញ្ញវត្ថុរបស់យើងបានល្អ ក្នុងពេលនេះខាងយើងខ្ញុំក៏សូមលើកយកនូវចំនុចមួយតូចសម្រាប់លោកអ្នកដែលចង់ខ្ចីលុយធនាគារ ឬបង់រំលស់ជាមួយបុរី តើគួរជ្រើសរើសជម្រើសបង់រំលស់ថេរ ឬបង់រំលស់ថយចុះ? តើជម្រើសមួយណាសម្រួលលទ្ធភាពក្នុងការបង់ប្រចាំខែរបស់លោកអ្នក? ហើយជម្រើសមួយណាចំណេញជាង?
ខាងក្រោមនេះជាការរៀបរាប់ និងប្រៀបធៀបអំពីជម្រើសទាំងពីរនេះជូនលោកអ្នកទាំងអស់គ្នា។ ជាដំបូងយើងត្រូវយល់សិនថា ការបង់សងប្រចាំខែនេះ គឺយើងសងទាំងដើម ទាំងការប្រាក់ ដែលការបង់ប្រចាំខែ = ចំណែកបង់ដើម + ចំណែកបង់ការប្រាក់។
១-ការបង់រំលោះថេរ (annuity mortgage)៖ ជាការបង់ប្រចាំខែនៅក្នុងតម្លៃថេរមួយ រហូតដល់ពេលដែលសងអស់លុយដែលខ្ចី។ សម្រាប់ការបង់ប្រភេទនេះ ចំណែកបង់ដើម គឺតិចជាងចំណែកបង់ការប្រាក់ នៅក្នុងឆ្នាំដំបូងៗ តែយូរៗទៅ ចំណែកបង់ដើមក៏កើនឡើង ច្រើនជាងចំណែកបង់ការប្រាក់វិញ នៅឆ្នាំក្រោយៗបន្តបន្ទាប់។
ជាឧទាហរណ៍៖ ខ្ញុំកម្ចីលុយពីធនាគារ ដើម្បីទិញផ្ទះតម្លៃ ១០០,០០០ ដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ ជាមួយការប្រាក់ ៨% ក្នុងមួយឆ្នាំ។ បើខ្ញុំជ្រើសរើសបង់ថេរនោះ គឺត្រូវបង់ប្រចាំខែ ១,២១៣ ដុល្លារថេររហូតតែម្ដង។ ក្នុងនោះ ខ្ញុំបង់ដើមបានតែ ៥៤៦ ដុល្លារក្នុងខែទី១ តែបង់ការប្រាក់ដល់ ៦៦៦ ដុល្លារ ប៉ុន្តែយូរៗទៅគឺខ្ញុំត្រូវបង់ដើមច្រើនទៅៗ រហូតដល់ខែចុងក្រោយគឺត្រូវបង់ដើម ១,២០៥ ដុល្លារ ហើយបង់ការប្រាក់តែ ៨៣ដុល្លារប៉ុណ្ណោះ។ បើសរុបការប្រាក់ដែលខ្ញុំត្រូវបង់រយៈពេល ១០ឆ្នាំនេះ គឺអស់ ៤៥,៥៩៣ ដុល្លារ។
២-ការបង់ថយ (linear mortgage)៖ ជាការបង់ប្រចាំខែ ដែលចំណែកបង់ដើម គឺថេររហូតដល់សងអស់ ប៉ុន្តែចំណែកបង់ការប្រាក់ដំបូងគឺច្រើន ប៉ុន្តែយូរៗទៅ ចំណែកបង់ការប្រាក់នឹងធ្លាក់ចុះបន្តិចម្ដងៗ។ នេះមានន័យថា បើយើងសម្រេចចិត្តបង់ថយ គឺនៅឆ្នាំដំបូងៗ យើងត្រូវបង់ប្រចាំខែច្រើនជាការបង់ថេរ ប៉ុន្តែយូរៗទៅការបង់ប្រចាំខែនេះនឹងថយបន្តិចម្ដងៗ។
ជាឧទាហរណ៍៖ ខ្ញុំមានកម្ចីទិញផ្ទះដដែល ជាមួយលក្ខខណ្ឌដូចខាងលើ តែលើកនេះខ្ញុំជ្រើសរើសបង់ថយ។ ខ្ញុំត្រូវបង់ដើម ៨៣៣ ដុល្លារថេររហូត ហើយបង់ការប្រាក់ខែដំបូង ៦៨៩ ដុល្លារ សរុបគឺត្រូវបង់ប្រចាំខែ ១.៥២២ ដុល្លារ នៅខែទី១នេះ។ យូរៗទៅ ការបង់ប្រចាំខែក៏ចាប់ផ្ដើមថយចុះ ដោយសារការបង់ការប្រាក់ថយចុះបន្តិចម្ដងៗ រហូតដល់ខែចុងក្រោយ, ខ្ញុំត្រូវបង់តែដើម ៨៣៣ដុល្លារប៉ុណ្ណោះ។ សរុបមក ការប្រាក់ដែលខ្ញុំបានបង់រយៈពេល ១០ឆ្នាំ គឺអស់ ៤០.៨៩២ ដុល្លារ។
ដូច្នឹង! សួរថាតើគួរជ្រើសរើសការបង់មួយណា?
– ប្រសិនបើលោកអ្នកទាំងអស់គ្នាមានលទ្ធភាពក្នុងការបង់ប្រចាំខែច្រើន នៅឆ្នាំដំបូងៗ នោះគួរជ្រើសយកការបង់រំលស់ថយចុះ ព្រោះចំណេញការប្រាក់បានច្រើនជាង។
– ប៉ុន្តែប្រសិនបើលោកអ្នកទាំងអស់គ្នាមិនមានលទ្ធភាពបង់ប្រចាំខែច្រើន នៅឆ្នាំដំបូងៗ ឬគិតថាអាចយកលុយទៅវិនិយោគវិញ ដោយទទួលបានប្រាក់ចំណេញច្រើនជាងការប្រាក់ដែលត្រូវបង់ នោះអាចជ្រើសរើសការរំលោះបង់ថេរបាន។
យើងខ្ញុំសង្ឃឹមថា អត្ថបទនេះអាចជាចំនែកជួយឲ្យលោកអ្នក យល់ពីជម្រើសនៃការបង់សងប្រចាំខែ ពេលកម្ចីលុយ ឬបង់រំលោះ ហើយអាចសម្រេចចិត្តជ្រើសរើសជម្រើសដែលសាកសមជាមួយលទ្ធភាពរបស់ខ្លួន។