ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ជាង៥ពាន់គ្រួសារ

កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណជាង៥.២០០គ្រួសារ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀន វត្តអារាមនិងដំណាំផ្សេងៗទៀត កំពុងត្រូវបានទឹកជំនន់ធ្វើឲ្យលិចលង់ផងដែរ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ  កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ អញ្ជើញទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងដំណើរនៃការពិនិត្យនេះ ឯកឧត្តមសង្កេតឃើញស្ថានភាពទឹកនៅតែបន្តកើនឡើង ដែល​នឹងធ្វើប្រជាពលរដ្ឋ នៅតែបន្តរងផលប៉ះពាល់ទាំងការធ្វើដំណើរ ​និងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ណែនាំដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ​ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ​ក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង ធ្វើប្រជាពលរដ្ឋគ្រោះថ្នាក់។ ក្នុងនោះ មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវវាយ​តម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ​ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ ​បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់​មានជីវភាព​លំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ​ដែលកើតមានឡើង ​ដើម្បីត្រៀមស្តារការខូចខាត និងដោះស្រាយជូន ប្រជាពលរដ្ឋយើងឲ្យបានសម្យ ​និងទាន់ពេលវេលា។

តាមរបាយការណ៍របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ​ បញ្ជាក់ថា ស្ថានភាពទឹកក្នុង​ខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា នៅតែបន្តកើនឡើង ​ដែលនៅស្ថានីយកំពង់ធំ មានកំពស់ ១៣.៧២ ម៉ែត្រ លើសកំពស់​ប្រកាសឲ្យមាន​ការប្រុងប្រយ័ត្ន០.២២ម៉ែត្រ។ បច្ចុប្បន្នស្ថានភាពទឹក ​ធ្វើឲ្យប៉ះពាល់មានចំនួន ២៩ឃុំ ស្មើ ១៥៣ភូមិមាន៥.២៨៣គ្រួសារ ដែលមានប្រជាពលរដ្ឋ​សរុបចំនួន ២១.៣២៣ នាក់។ ប្រជាពលរដ្ឋ ចេញពីលំនៅឋាន២០៩គ្រួសារ មានមនុស្សចំនួន ៣១៨នាក់ កំពុងស្នាក់នៅលើទីទួលសុវត្ថិភាព១៩ គ្រួសារ ។ ប៉ះពាល់ផ្ទះសម្បែង ២.២២៥ខ្នង សាលារៀនចំនួន ៤៣សាលា ផ្អាកដំណើរការសាលារៀនចំនួន ១៨សាលា ប៉ះពាល់វត្តអារាមចំនួន ០៦កន្លែង ប៉ះពាល់ដំណាំរួមផ្សំចំនួន ១៨៧ ហិកតា ប៉ះពាល់ដំណាំស្រូវចំនួន ២.៧៥០ហិកតា ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣.៥៥៥ ម៉ែត្រ ប៉ះពាល់ផ្លូវបេតុងចំនួន ៣៣៤ ម៉ែត្រ ប៉ះពាល់ផ្លូវគ្រួស​ក្រហមចំនួន ៥១.៤០៥ ម៉ែត្រ ប៉ះពាល់ផ្លូវដីស ៣.៤៦៥ ម៉ែត្រ ប៉ះពាល់ស្ពានបេតុង ០១កន្លែង ស្ពានឈើ ០៦កន្លែង ខូច ០១ និងប៉ះពាល់លូកាត់ផ្លូវ ៨៧កន្លែង។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ​សូមបង្កើនការប្រុងប្រយ័ត្ន​ក្នុងការរស់នៅប្រចាំថ្ងៃ ​ជាពិសេសកុមារតូចៗ​ ដែលត្រូវការជាចាំបាច់នូវអនាម័យ​ដើម្បីគេចផុត​ពីជំងឺឆ្លង ទន្ទឹមនេះប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម ម្ហូបអាហារ ថ្នាំសង្កូវខ្លះៗ ដើម្បីសង្គ្រោះបឋម ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។